(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ រួមនិងមន្ត្រីក្រុមការងារមួយចំនួន បានបន្តចុះទៅសំណេះសំណាលសួរសុខទុក្ខ ដោយពាំនាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមានជាអង្ករ ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីមកចែកជូនប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា ចំនួន៨០គ្រួសារ ក្នុងការជួយសម្រាលដោះស្រាយបញ្ហាជីវភាពរស់នៅ ប្រចាំថ្ងៃតាមគ្រួសារនីមួយៗ បានមួយចំនួន។
ដំណើរចុះសួរសុខទុក្ខចែកថវិកា និងអង្ករខាងលើនេះដែរ បានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងសហគមន៍ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និងមានការរួមដំណើរពីមន្ត្រីសាលាខណ្ឌ ក្រុមយុវជន ស.ស.យ.ក និងយុវជន អ.ម.ត ខណ្ឌ-សង្កាត់ រួមជាមួយបេក្ខភាពក្រុមប្រឹក្សាសង្កាត់ គីឡូម៉ែត្រលេខ៦ មានទាំងមេភូមិផងដែរ ក្នុងសកម្មភាពនេះ។
ក្នុងកម្មវិធីមនុស្សធម៌នេះលោក ជា ពិសី បានប្រាប់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាច្រើនគ្រួសារថា សូមកុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផង «ពោលគឺនៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ គឺជាថ្ងៃ បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ» ហើយក៏សូមជួយផ្ដល់សេចក្ដីទុកចិត្តជូនបេក្ខភាពលោកចៅសង្កាត់គីឡូម៉ែត្រលេខ៦ផង «ប្រសិនបើខឹងគោ សូមកុំវាយរទេះ ហើយបើខឹងនិងអ្នកណា គួរស្ដីបន្ទោសឲ្យអ្នកនោះទៅ»។
បន្ទាប់ពីសំណេះសំណាលលោក ជា ពិសី និងលោកស្រី អាន ផល្លា បានជួយឧបត្ថម្ភថវិកា និងអង្ករដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជូនដល់ប្រជាពលរដ្ឋចំនួន៨០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន១០គីឡូក្រាម ជាមួយនិងថវិកា១ម៉ឺនរៀលផងដែរ ក្នុងម្នាក់ៗ ដើម្បីជួយសម្រាលក្នុងជីវភាពប្រចាំថ្ងៃ៕