(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល បានជួបសំណេះសំណាល ជាមួយនឹងលោកគ្រូ អ្នកគ្រូ និងមន្រ្តីអប់រំ ដែលជាសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ៨០០នាក់ នៅទូទាំងស្រុកមុខកំពូល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល។
ក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងមន្រ្តីអប់រំ ដែលចូលរួមទាំងអស់នាពេលនោះ លោក វង្សី វិស្សុត ក៏បានសំដែងនូវការកោតសរសើរជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះគុណបំណាច់ របស់លោកគ្រូ អ្នកគ្រូ ទាំងអស់ នៅក្នុងបុព្វហេតុ កសាងធនធានមនុស្សនៅក្នុងស្រុកមុខកំពូល។
ជាមួយគ្នានោះ លោកបានលើកឡើង អំពីការកែទម្រង់ នៅក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់គុណភាពអប់រំ និង សមត្ថភាពធនធានមនុស្សនៅកម្ពុជា ព្រមទាំងការបង្កើនថវិកាជាតិយ៉ាងគំហុកដល់វិស័យអប់រំជាបន្តបន្ទាប់ ពិសេសនៅក្នុងរយៈពេល០៤ឆ្នាំចុងក្រោយនេះ ពោលគឺ ប្រមាណ២៦៩លានដុល្លារ ស្មើ១,៧៧% នៃ ផសស នៅក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ៦៧៧ លានដុល្លារ ស្មើ ៣,០៨% នៃផសស នៅឆ្នាំ២០១៧ ដែលមាន លក្ខណៈប្រហាក់ប្រហែលនឹងប្រទេសក្នុងតំបន់។
លោក វង្សី វិស្សុត បានឲ្យដឹងថា កម្ពុជាជាប្រជាជាតិមួយដែលមានប្រវត្តិសាស្រ្តជាង ២០០០ឆ្នាំមកហើយ ហើយប្រជាជាតិមួយនេះ បានជួបប្រទះទាំងភាពរុងរឿង ទាំងការធ្លាក់ចុះដុនដាប រហូតស្ទើរតែបាត់ឈ្មោះពីផែនទី។ លោកបានជម្រាបជូន ដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ អំពីស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជា ដោយបាន លើកឡើងថា កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ខ្ពស់ប្រមាណ៧,៧% នៅក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយ នេះ។
ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចនេះ បានធ្វើឱ្យទំហំនៃផលិតផល ក្នុងស្រុកសរុប(ផសស-GDP) របស់កម្ពុជា បានកើនឡើង ប្រមាណជិត៦ដង ពោលគឺពីប្រមាណ៣,៧ប៊ីលានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០០០ ឡើងដល់ ប្រមាណ២០ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៦ ហើយតាមការព្យាករណ៍អាចនឹងឡើងដល់ ២៧ ប៊ីលានដុល្លារ នៅឆ្នាំ២០១៩។
ចំណូលរបស់ប្រជាជនម្នាក់ធៀបនឹង ផសស ក៏បានកើនឡើងពីចំនួន២៨៨ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០០០ ដល់ ចំនួន១៣០០ដុល្លារអាមេរិក នៅឆ្នាំ២០១៦ ហើយតាមការព្យាករណ៍អាចនឹងឡើងដល់១៧០៩ ដុល្លារអាមេរិក នៅឆ្នាំ២០១៩។ អត្រាប្តូរប្រាក់ក៏មានស្ថិរភាព ហើយអត្រាអតិផរណាក៏ស្ថិតក្នុងកម្រិតទាប ក្នុងខណៈដែលរចនា សម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាកំពុងត្រូវបានផ្លាស់ប្តូរពីការពឹងផ្អែកលើវិស័យកសិកម្មទៅវិស័យឧស្សាហកម្មវិញ ដែលនេះ គឺជាសញ្ញាដ៏ល្អ ព្រោះដើម្បីសេដ្ឋកិច្ចឱ្យរុងរឿង និងអាចក្លាយជាប្រទេសអ្នកមានបាន ត្រូវពឹងផ្អែកលើឧស្សាហកម្ម មិនអាចពឹងតែលើវិស័យកសិកម្មទៀតទេ ជាពិសេសនៅក្នុងចរន្តនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ដែលនឹងមកដល់ ក្នុងពេលខាងមុខនេះ។
លោកបានលើកឡើងបន្តថា ដោយសារសេដ្ឋកិច្ចយើងតូច និងបើកចំហរ, យើងចាំបាច់ត្រូវអនុវត្តនូវយុទ្ធសាស្រ្តជំរុញ ឱ្យមានកំណើនសេដ្ឋកិច្ច ដើម្បីបង្កើតទ្រព្យចំណូល និងការងារ។ ដូចនេះ ប្រសិនបើគ្មានកំណើនសេដ្ឋកិច្ច យើងក៏គ្មានធនធានសម្រាប់ធ្វើការបែងចែកផងដែរ ពោលគឺរដ្ឋ ក៏នឹងគ្មានអ្វីសម្រាប់ធ្វើការវិនិយោគលើ ហេដ្ឋរចនាសម្ព័ន្ធ ក៏ដូចជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រួមទាំងការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យចក្ខុវិស័យរបស់កម្ពុជានៅឆ្នាំ២០៥០ នេះ អាចក្លាយជាការពិត ហើយកម្ពុជាអាចក្លាយជាប្រជាជាតិមួយ ដែលមានភាពខ្លាំង និងល្បីរន្ទឺឡើងវិញពីសម័យមហានរគរ, កសាង និងអភិវឌ្ឍប្រទេសទៅថ្ងៃមុខ ត្រូវផ្អែកលើកម្លាំងចំនួន ០៥រួមមាន៖
១៖ កម្លាំងបង្រួបបង្រួមជាតិ តាមរយៈការស្វែងរកនូវបំណងប្រថ្នារួម និងលើកគុណតម្លៃសង្គម និងបុគ្គល ដោយផ្អែកលើជំនឿ សាសនា វប្បធម៌ និងប្រវិត្តសាស្រ្ត ដើម្បីចង់ភ្ជាប់ជាតិរបស់យើង កុំឱ្យបែកគ្នា និងកសាងឱ្យក្លាយទៅជាកោសិកាសង្គមមួយដ៏រស់រវើក។
២៖ កម្លំាងការពារជាតិ តាមរយៈការអភិវឌ្ឍនិងលើកកម្ពស់សមត្ថភាពកងទ័ព ក្នុងបុព្វហេតុការពារជាតិ និងនយោបាយការទូត ដើម្បីការពាររាល់ផលប្រយោជន៍លើឆាកអន្តរជាតិ។
៣៖ កម្លាំងស្ថិរភាវូបនីយកម្មជាតិ តាមរយៈការបង្កើតឱ្យមានយន្តការតុល្យភាពនៃអំណាច, ការដោះស្រាយទំនាស់ និងការគ្រប់គ្រងវិបត្តិ។
៤៖ កម្លាងកសាងជាតិ តាមរយៈជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងចិរភាព ដោយផ្អែកលើ គោលការណ៍ នៃសេដ្ឋកិច្ចទីផ្សារសេរី។
៥៖ កម្លាងគាំពារជាតិ តាមរយៈការបង្កើតឱ្យមានរបបការគាំពារសង្គម, កម្មវិធីជំនួយសង្គម និងការពារបរិស្ថាន និងធនធានធម្មជាតិ៕