(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា សម្រាប់កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ សម្រាប់ថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះ គណៈកម្មាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុប៨.៥៧៣នាក់ ក្នុងនោះស្នងការនគរបាលរាជធានីភ្នំពេញចំនួន ៦.៤៤១នាក់ បញ្ជាការកងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ១.៧៨៧នាក់ និងយោធិនភូមិភាគពិសេសចំនួន៣៤៥នាក់។
នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ ព្រមទាំងមានការចូលរួមពីអភិបាលរង ប្រធានមន្ទីរនានា នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អភិបាលខណ្ឌទាំង១២ អធិការ-មេបញ្ជាការអាវុធហត្ថទាំង១២ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
នៅក្នុងកិច្ចប្រជុំនេះនាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «កម្លាំងការពារការិយាល័យចុះឈ្មោះបោះឆ្នោត រដ្ឋបាលរាធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងស្នងការនគរបាល ចំនួន២៥២នាក់ ប្រើប្រាស់កម្លាំងការពារស្នងការនគរបាលរាជធានីភ្នំពេញ៩៦ការិយាល័យចំនួន១៩២នាក់ ចល័តការិយាល័យចុះឈ្មោះបោះឆ្នោតនិមួយៗ នៅតាមសង្កាត់ និងកម្លាំងអន្តរាគមន៍៥នាក់ចំនួន៦០នាក់»។
បើតាមនាយឧត្តមសេនីយ៍ អំពីភារកិច្ច កម្លាំងសមត្ថកិច្ចទាំងអស់ មានភារកិច្ចការពារ ស្ថិតនៅឆ្ងាយពីការិយាល័យចុះឈ្មោះបោះឆ្នោតយ៉ាយតិច១៥ម៉ែត្រ ដោយស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ តែមិនបំពាក់អាវុធ និងមានពាក់ស្លាកសម្គាល់ផ្តល់ដោយ គ.ជ.ប។ កម្លាំងនេះអាចចូលទៅក្នុងការិយាល័យ ចុះឈ្មោះបោះឆ្នោត បានលុះត្រាតែមានសំណូមពរពីប្រធានការិយាល័យចុះឈ្មោះបោះឆ្នោត។
កម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោត ប្រើប្រាស់កម្លាំងសរុប១.៩៩៣នាក់ ក្នុងនោះស្នងការនគរបាលរាជធានីភ្នំពេញចំនួន១.០៣២នាក់ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៨៤១នាក់ យោធភូមិភាគពិសេសចំនួន១២០នាក់៕