(សៀមរាប)៖ ពាណិជ្ជករជនជាតិសឹង្ហបុរី ព្រឹទ្ធាចារ្យ អាំង យ៉ុងស៊ីន និងលោក ស៊ុំ សំណាង ប្រធានគណៈពង្រឹងការងារស្រុកប្រាសាទបាគងមកពីគណបក្សប្រជាជនកម្ពុជា (CPP) បានប្រគល់អណ្តូងទឹក រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនធំទៀតជូនប្រជាពលរដ្ឋស្រុកបា្រ សាទបាគង។
លោកព្រឹទ្ធាចារ្យ អាំង យ៉ុងស៊ីន បានថ្លែងនៅក្នុងពិធីប្រគល់អណ្តូងទឹក និងអំណោយជាសម្ភារៈប្រើប្រាស់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញថា រូបលោកបានចូលមករកស៊ី និងវិនិយោគនៅកម្ពុជា តាំងពីឆ្នាំ១៩៩៥ ហើយក៏បានស្គាល់ និងរាប់អាន លោក ស៊ុំ សំណាង និងបានចូលរួមចំណែកសម្រាប់កិច្ចការមនុស្សធម៌ជាបណ្ដើរៗរហូតមក។
លោកព្រឹទ្ធាចារ្យបានបន្តថា លោកបានមកទឹកដីវប្បធម៌ប្រវត្តិសាស្ត្រសៀមរាប-អង្គរ គឺលោកមាននិស្ស័យជាមួយប្រាសាទអង្គរវត្ត ហើយកាន់តែធ្វើឱ្យលោកស្រឡាញ់ខេត្តសៀមរាប និងប្រជាជនខ្មែរ។ ដោយមានជំនឿ និងគោរព ចំពោះព្រះពុទ្ធសាសនា ទើបលោកបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដែលពេលនេះមានដូចជា ៖ អណ្ដូងទឹកស្អាត, តុ, កៅអី, និងអំណោយ សម្ភារៈ បរិក្ខាមួយចំនួនទៀត លោកក៏សន្យាថា នឹងជួយទៅតាមលទ្ធភាពជាបន្តទៀត។
លោក ស៊ុំ សំណាង បានគោរពថ្លែងអំណរគុណ ចំពោះលោកព្រឹទ្ធាចារ្យ ដែលលោកមានសមានចិត្តសប្បុរសធម៌ ក្នុងការជួយកសាងជាអណ្ដូងទឹកស្អាត និងផ្ដល់សម្ភារៈ បរិក្ខា ដល់សហគមន៍មួយចំនួន នៅស្រុកប្រាសាទបាគង នាពេលនេះ និងពេលកន្លងមក។
ក្នុងឱកាសនោះ លោក ស៊ុំ សំណាង ក៏បានសំណេះសំណាល និងផ្ដាំផ្ញើដល់បេក្ខជនក្រុមប្រឹក្សាឃុំទាំង ៨ឃុំ និងក្រុមការងារបក្សទាំង ២៥០រូប ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារបម្រើផលប្រយោជន៍ប្រជាជន ហើយយើងមានទំនុកចិត្ត និងក្ដីសង្ឃឹមយ៉ាងមុតមាំ ចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនសហគមន៍ ប្រជាពលរដ្ឋ នៅស្រុកប្រាសាទបាគង មានដូចជា៖ ឧបករណ៍បំពងសម្លេងចល័តចំនួន ១០គ្រឿង អណ្ដូងទឹកស្អាតខ្នាតមធ្យម ចំនួន ១០អណ្ដូង រួមនិងសម្ភារៈបរិក្ខាមួយចំនួន, និងម៉ាស៊ីនបូមទឹក ១គ្រឿង, និងអណ្ដូងទឹកលក្ខណ:គ្រួសារ ចំនួន ៣៧អណ្ដូង, កៅអីដែកមានពូក ៤៥០កៅអី ក្នុងនោះកៅអីមានភ្ជាប់តុសរសេរ សម្រាប់ប្រើប្រាស់ នៅស្នាក់ការបក្សស្រុកចំនួន ២៥០, តុឈើ ១០, និងកៅអីពូក សម្រាប់វិទ្យាល័យស្វាយធំចំនួន២០០ ដែលសរុបជាទឹកប្រាក់មានចំនួន ៤០.៣៩៧ដុល្លារអាមេរិក។
លោក ស៊ុំ សំណាង ក៏បានប្រគល់ថវិកា ជូនក្រុមប្រឹក្សាឃុំទាំង ៨ឃុំ ក្នុងមួយឃុំៗ បានទទួលថវិកាពី ១លាន ដល់ ១.៤លានរៀល និងសាខាបក្សស្រុកប្រាសាទបាគងចំនួន ១លានរៀលផងដែរ ៕