(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ បានបិទបញ្ចប់ ការចែកអាវភ្លៀងដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើង ការពារបូរណភាពទឹកដីនៅទិស យោធភូមិភាគទី៤ហើយនៅដើមសប្តាហ៍នេះ។
អាវភ្លៀងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានេះ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក៏ត្រូវបាននាយឧត្តមសេនីយ៍ គន់ គីម យកទៅចែកជូនកងទ័ពនៅយោធភូមិភាគទី២, ទី១ និងទិសសមរភូមិខេត្តព្រះវិហារ ផងដែរ។
នៅចំពោះមុខកងកម្លាំងប្រដាប់អាវុធទាំងនៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគផ្សេងៗទៀត នាយឧត្តមសេនីយ៍ គន់ គីម សុទ្ធតែ បានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងដ៏អង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋខ្មែរ។
នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ប្រាប់កងទ័ពថា «សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលបានផ្តើមជីវិតចេញ ពីកងទ័ពតស៊ូក្នុងព្រៃតាំងពីអាយុ ១៨ឆ្នាំម្ល៉េះ។ សម្តេចបានយល់យ៉ាងច្បាស់ពីជីវិតរបស់កងទ័ព និងទុក្ខលំបាកដែលកងទ័ព បានជួបប្រទះ ដូច្នេះសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ខ្លាំងណាស់លើសុខទុក្ខរបស់បងប្អូន កងទ័ពយើង»។
សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ បានថ្លែងជំរុញថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទយកចិត្តទុកដាក់ឲ្យបានខ្ពស់ ចំពោះសុខទុក្ខរបស់កងទ័ព។ ក្នុងរដូវភ្លៀងនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យនាំយកអាវភ្លៀងជាអំណោយ របស់សម្តេចទៅចែកជូន កងទ័ពឲ្យបានគ្រប់ៗគ្នា។
កងទ័ពនៅគ្រប់យោធភូមិភាគ ដែលនាយឧត្តមសេនីយ៍ គន់ គីម បានយកអាវភ្លៀងទៅចែកជូន បានសម្តែងក្តីរំភើបរីករាយ និងគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែយកចិត្តទុកដាក់ និងដោះស្រាយរាល់ទុក្ខ របស់ពួកគាត់ ដូចជាផ្តល់ដី ផ្ទះសម្បែង ប្រេងបូមទឹក ប្រាក់ហូបបន្ថែម ជាពិសេសខែភ្លៀងចែកអាវភ្លៀង ខែរងារចែកអាវរងារ។
ក្រុមកងទ័ពបានបង្ហាញការស្មោះស្ម័គ្រ និងប្តេជ្ញាចិត្តការពារសម្តេចតេជោ ការពាររាជរដ្ឋាភិបាល ព្រមទាំងប្រឆាំង ដាច់ខាតរាល់ការប៉ុនប៉ងនាំប្រទេសជាតិ ទៅរកស្ថេរភាពសង្គម និងចលនាក្រុមគ្រួសារឲ្យទៅបោះឆ្នោត និងបោះឆ្នោតជូនសម្តេច៕