(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ (២០១៧-២០២០) ជាមួយរដ្ឋបាលទេសចរណ៍ជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលផ្ដោតលើគោលបំណងសំខាន់ៗ រួមមាន៖ ការអភិវឌ្ឍទេសចរណ៍តំបន់សៀមរាប, ការបណ្ដុះបណ្ដាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ និយាយភាសាចិន, បង្កើតកម្មវិធីផ្លាស់ប្ដូរអ្នកជំនាញ វិជ្ជាជីវៈទេសចរណ៍កម្ពុជា-ចិន, វេទិកាកិច្ចប្រជុំកំពូលទេសចរណ៍កម្ពុជា-ចិន, កិច្ចសហប្រតិបត្តិការស្ដីពីការផ្សព្វផ្សាយទេសចរណ៍ និងការវិនិយោគទុនវិស័យ ទេសចរណ៍របស់ធុរជនចិននៅកម្ពុជា។
ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន លោក Li Keqiang ពោលស្របពេលដែលសម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងវេទិកា «ខ្សែក្រវាត់មួយ និងផ្លូវមួយ»។
ផែនការអនុវត្តអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងរដ្ឋបាលទេសចរណ៍ជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងទេសចរណ៍កម្ពុជាខាងលើនេះ គឺដើម្បីសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឲ្យកាន់តែស៊ីជម្រៅ ក្នុងក្របខណ្ឌ «ខ្សែក្រវាត់ និងវិថី» និងដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសប្រតិបត្តិការទេសចរណ៍ រវាងរដ្ឋបាលទេសចរណ៍ជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងទេសចរណ៍កម្ពុជា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋបាលទេសចរណ៍ជាតិចិន និងក្រសួងទេសចរណ៍កម្ពុជា បានព្រមព្រៀងលើផែនការអនុវត្ត តាមរយៈការពិគ្រោះយោបល់គ្នា ដូចខាងក្រោម៖
* មាត្រា១៖ ការអភិវឌ្ឍទេសចរណ៍តំបន់សៀមរាប
ភាគីចិននឹងបញ្ជូនអ្នកជំនាញមកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា ដើម្បីទស្សនកិច្ចសិក្សាស្វែងយល់ពីធនធានទេសចរណ៍មូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍកសិទេសចរណ៍ និងអេកូទេសចរណ៍ និងជួយខេត្តសៀមរាប ក្នុងការបង្កើតផែនការអភិវឌ្ឍគ្រប់ជ្រុងជ្រោយមួយ ដោយផ្ដោតលើបេតិកភណ្ឌវប្បធម៌ពិភពលោក អង្គរវត្ត។
ភាគីកម្ពុជានឹងផ្ដល់ការគាំទ្រ និងការជួយជ្រោមជ្រែងចាំបាច់សម្រាប់ការអនុវត្តគម្រោងនេះ។
* មាត្រា២៖ ការបណ្ដុះបណ្ដាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ និយាយភាសាចិន
ភាគីចិននឹងផ្ដល់ឱកាស សម្រាប់ការបណ្ដុះបណ្ដាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ និយាយភាសាចិនចំនួន ១០០កន្លែង សម្រាប់ភាគីកម្ពុជា និងរ៉ាប់រងលើការបណ្ដុះបណ្ដាល កន្លែងស្នាក់នៅ ម្ហូបអាហារនាអំឡុងពេលស្នាក់នៅប្រទេសចិន។ ភាគីកម្ពុជានឹងទទួលខុសត្រូវលើការរៀបចំសមាសភាព និងត្រួតពិនិត្យគុណវឌ្ឍនៃអ្នកជំនាញវិជ្ជាជីវៈពាក់ព័ន្ធ និងចំណាយលើថ្លៃធ្វើដំណើររបស់សិក្ខាកាមទៅកាន់ប្រទេសចិន និងត្រលប់ពីប្រទេសចិនវិញ។
* មាត្រា៣៖ បង្កើតកម្មវិធីផ្លាស់ប្ដូរអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍កម្ពុជា-ចិន
សម្របសម្រួលបញ្ហានានា ដូចបានព្រមព្រៀងក្នុងមាត្រា២ ភាគីទាំងពីរនឹងជំរុញមហាវិទ្យាល័យទេសចរណ៍ពាក់ព័ន្ធនានា ដើម្បីបង្កើតកម្មវិធីផ្លាស់ប្ដូរអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍។
* មាត្រា៤៖ វេទិកាកិច្ចប្រជុំកំពូលទេសចរណ៍កម្ពុជា-ចិន
ភាគីទាំងពីរនឹងរៀបចំធ្វើវេទិកាកិច្ចប្រជុំកំពូលធុរកិច្ចទេសចរណ៍កម្ពុជា-ចិន នៅក្នុងឆ្នាំ២០១៧ និងអនុលោមតាមតម្រូវការចាំបាច់របស់ភាគីទាំងពីរ ការធ្វើវេទិកាពិសេសផ្អែកលើមូលដ្ឋានចាំបាច់ភ្លាមៗ ដោយការគ្រោងទុកជាមុន ដោយប្ដូរវេនគ្នារវាងប្រទេសទាំងពីរ ដើម្បីបង្ហាញយន្តការថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ចិន។
* មាត្រា៥៖ កិច្ចសហប្រតិបត្តិការស្ដីពី ការផ្សព្វផ្សាយទេសចរណ៍
ភាគីទាំងពីរនឹងផ្ដល់ការគាំទ្រ និងសម្របសម្រួលរាល់តម្រូវការចាំបាច់នានា ក្នុងគោលដៅជំរុញសកម្មភាពផ្សព្វផ្សាយទេសចរណ៍រួមគ្នា រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងអញ្ជើញស្ថាប័នធុរកិច្ចក្នុងវិស័យធ្វើដំណើរ និងប្រព័ន្ធផ្សព្វផ្សាយមកស្វែងយល់ តាមរយៈខ្សែទស្សនកិច្ចទេសចរណ៍ និកសាងបណ្ដាញធុរកិច្ចព្រមទាំងផ្ដល់ការសម្របសម្រួល គាំទ្រដល់ក្រុមធ្វើទស្សនកិច្ចស្វែងយល់ ដែលត្រូវបានបញ្ជូនដោយភាគីទាំងពីរ។
* មាត្រា៦៖ ការវិនិយោគទុនវិស័យទេសចរណ៍របស់ធុរជនចិននៅកម្ពុជា
ភាគីចិននឹងរៀបចំដំណើរទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីគម្រោងវិនិយោគទេសចរណ៍នៅកម្ពុជា។ ភាគីកម្ពុជានឹងផ្ដល់ការសម្របសម្រួល និងការគាំទ្រចាំបាច់សម្រាប់សកម្មភាពដែលបានរៀបរាប់ខាងលើ និងរៀបចំដោយភាគីចិន។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ដើម្បីចូលរួមជាមួយវេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែឧសភា ឆ្នាំ២០១៧៕