(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំជាមួយ សមាគមអ្នកចិញ្ចឹមជ្រូក ម្ចាស់ក្រុមហ៊ុនឯកជន ឈ្មួញ អ្នកប្រកបរបរចិញ្ចឹមជ្រូក និងនាំចូលជ្រូក មកលក់នៅលើទីផ្សារកម្ពុជា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពជាមួយភាគីចូលរួមក្នុងកិច្ចប្រជុំដោយ សម្រេចដាក់ចេញនូវវិធានការក្តៅ៣ចំណុច ដើម្បីកាត់បន្ថយការនាំចូលជ្រូកមកម្ពុជា។
បើតាមលោករដ្ឋមន្រ្តី ចំពោះការអនុវត្តវិធានការទាំងនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយក្រសួងសេដ្ឋកិច្ច អគ្គដ្ឋានគយ និងរដ្ឋាករ រួមនឹងដៃគូពាក់ព័ន្ធជាច្រើនទៀតរួមមាន៖ អាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចតាមរាជធានី-ខេត្ត។
នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះលោករដ្ឋមន្រ្តី វេង សាខុន បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា វិធានការក្តៅ៣ចំណុច ដែលក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនឯកជន បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំរួមមាន ទី១-ពង្រឹងលើការត្រួតពិនិត្យ ពីយកភាស៊ីឡើងថ្លៃ, ទី២-ត្រួតពិនិត្យឲ្យបានច្បាស់លាស់ គ្រប់ទីសត្តឃាតណាដែលគ្មានបច្ចេកទេសត្រឹមត្រូវ និងទី៣-ស្វែងរកមូលហេតុឲ្យច្បាស់ ពីតម្លៃសាច់ជ្រូកថោក និងសាច់ជ្រូកឡើងថ្លៃ។
បន្ថែមពីលើនេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងថា ក្រុមហ៊ុនឯកជនប្រមាណ៣០ក្រុមហ៊ុន ដែលចូលរួមនៅក្នុងកិច្ចប្រជុំបានឯកភាពគ្នាលើកិច្ច សហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ ក្នុងការផ្តល់ព័ត៌មានគ្នា ទៅវិញទៅមក ពីការគេចពន្ធ និងការនាំចូលជ្រូកដោយខុសច្បាប់ និងកន្លែងចិញ្ចឹមសត្វខុសច្បាប់។
លោករដ្ឋមន្រ្តីបញ្ជាក់ថា «ករណីឃើញមានហេតុការណ៍ជាក់ស្តែងកើតឡើង ប្រញាប់រាយការណ៍ជាបន្ទាន់ មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីចាត់វិធានការបានភ្លាមៗ»។
លោកថា ការប្រជុំជាមួយដៃគូពាក់ព័ន្ធ នឹងរៀបចំធ្វើឡើងជាបន្តបន្ទាប់ ដរាបណាបញ្ហាជ្រូក នាំចូលមកកម្ពុជានៅតែមាន។ លោករំពឹងថា នៅថ្ងៃអនាគត បញ្ហាជ្រូក នាំចូលមកកម្ពុជានឹងកាត់បន្ថយបានច្រើន នៅក្នុងកម្រិតមួយដែលមិនប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអាចធ្វើឲ្យតម្លៃជ្រូកចិញ្ចើម នៅកម្ពុជាខ្ពស់។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងក្រោយពេលដែល សមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា នាថ្មីៗនេះ បានស្នើឱ្យអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ និងក្រសួងពាក់ព័ន្ធ ទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសជិតខាង ខណៈដែលសមាគមមួយនេះរកឃើញថា ជ្រូកដែលនាំចូលរាល់ថ្ងៃចូលមកប្រទេសកម្ពុជា លើសពីគោលការកំណត់របស់ក្រសួងកសិកម្ម ដោយកំណត់ត្រឹម១២៥០ក្បាលក្នុង១ថ្ងៃ។
លោក ស្រ៊ុន ពៅ ប្រធានស្តីទីសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានឱ្យដឹងថា ការនាំចូលលើសចំនួនកំណត់ និងមិនមានឯកសារគ្រប់គ្រាន់ នេះធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងធ្វើឲ្យតម្លៃជ្រូកសាច់ក្នុងស្រុកធ្លាក់ចុះយ៉ាងគំហុក ដែលបានធ្វើឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្មខ្នាតធំ មធ្យម និងតូច របស់ប្រជាកសិករដែលអាស្រ័យ ផលលើការចិញ្ចឹមជ្រូក៕