(ភ្នំពេញ)៖ លោក Naveen Srivastava ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព របស់ប្រទេសឥណ្ឌាប្រចាំនៅកម្ពុជា នៅថ្ងៃនេះ បានថ្លែងថា រដ្ឋាភិបាលឥណ្ឌា នឹងបន្តផ្តល់អាហារូបករណ៍ដល់មន្រ្តី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ជាច្រើនរូបបន្ថែមទៀត ឱ្យបានទៅសិក្សារយៈពេលខ្លី និងវែង នៅប្រទេសឥណ្ឌា លើផ្នែកបច្ចេកវិទ្យាព័ត៌មាន ភាសាអង់គ្លេស ភាពជាអ្នកដឹកនាំ និងវគ្គជាច្រើនទៀត។
ការថ្លែងបែបនេះរបស់ អគ្គរដ្ឋទូតឥណ្ឌា បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ គ្រាដែលលោកអគ្គរដ្ឋទូត នឹងផុតអាណត្តិនៅក្នុងប្រទេស កម្ពុជាឆាប់ៗនេះ។
លោក Naveen Srivastava បានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូតរបស់លោក រយៈពេល០២ឆ្នាំនៅប្រទេសកម្ពុជា លោកមានសេចក្តីរីករាយ និងពេញចិត្តយ៉ាងក្រៃលែង ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនិងប្រជាជន នៃប្រទេសទាំងពីរ ដោយមើលឃើញអំពីការវិវឌ្ឍ និងការរីកចម្រើនឥតឈប់ឈរបស់ប្រទេសកម្ពុជា។
លោកបានបន្ថែមទៀតថា រដ្ឋាភិបាលប្រទេសឥណ្ឌា គាំទ្រដល់ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាង រាស្រ្តនាពេលខាងមុខ ប្រកបដោយជោគជ័យ ក្នុងសន្តិភាព និងស្ថិរភាព។
សម្តេច សាយ ឈុំ បានថ្លែងអំណរគុណចំពោះ លោកឯកអគ្គរដ្ឋទូត ដែលបានយក ចិត្តទុកដាក់ខ្ពស់ នៅក្នុងការរួមចំណែកធ្វើឲ្យ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា នៃប្រទេសទាំងពីរ មានការរីកចម្រើនកាន់តែល្អប្រសើរ ដោយលោកអគ្គលេខាធិការ ព្រឹទ្ធសភា កម្ពុជា បានបំពេញទស្សនកិច្ច និងចុះហត្ថលេខា លើអនុស្សារណយោគយល់ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការ សភា រវាងអគ្គលេខាធិការដ្ឋានទាំងពីរ នៅប្រទេសឥណ្ឌា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ។
សម្តេចវិបុលសេនាភក្តី បានថ្លែងអំណរគុណចំពោះស្ថានទូតឥណ្ឌា ដែលបានយកចិត្តទុកដាក់ជួយផ្តល់ អាហារូបករណ៍រយៈពេលខ្លី និងជួយសម្របសម្រួលបែបបទដល់មន្រ្តីអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាកម្ពុជា បានទៅសិក្សានៅប្រទេសឥណ្ឌាជាច្រើនរូប លើផ្នែកបច្ចេកវិទ្យាព័ត៌មាន ភាសា អង់គ្លេស ភាពជាអ្នកដឹកនាំ និងវគ្គជាច្រើនទៀត។
សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំរក្សាបរិយាកាសឲ្យបានល្អប្រសើរ ដើម្បីត្រៀមរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នៅឆ្នាំ២០១៨ ឲ្យប្រព្រឹត្តទៅប្រកបដោយបរិយាកាស សន្តិភាព គ្មានអំពើហិង្សា មានលក្ខណៈសេរី និងយុត្តិធម៌ ដែលទាំងអស់គ្នា អាចទទួលយកបាន៕