(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ត្រីគយរដ្ឋាករ ច្រកទ្វារព្រំ និងមន្ត្រីពាណិជ្ជកម្មខេត្ត បន្តការអប់រំដល់ប្រជាពលរដ្ឋ និងអាជីវករតាមគេហដ្ឋាននានា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះថា ត្រី សាច់ បន្លែ ប្រហិត សាច់ណែម ដែលនាំយកពីប្រទេសថៃ តាមច្រកទ្វារព្រំប៉ៃលិន គ្មានការលាយផ្សំសាធាតុគីមី ហាមឃាត់ឡើយ។

លោក សាន វិជ្ជាសារ៉ាវុធ បន្តថា «តម្លៃសុខភាពមនុស្សយើង មានតម្លៃខ្លាំងណាស់មិនអាចយកមាសប្រាក់ទិញបានឡើយព្រោះអី បច្ចុប្បន្ននេះយើង បានដឹងថា ឈ្មួញអាជីវករមួយចំនួនតែងតែគិតផលប្រយោជន៍ ជាធំបានដាក់បន្លំជាទំនិញដែលគ្មានគុណភាព ដូច្នេះហើយក្នុងនាមយើងជាមន្ត្រី ជំនាញ ផ្នែកការត្រួតពិនិត្យ មុខទំនិញផ្សេងៗ ដែលបាននាំចូលកាន់ប្រទេសកម្ពុជា។ ជាក់ស្តែង នាព្រឹកនេះ មន្ត្រីកាំកុងត្រូលបានធ្វើការត្រួតពិនិត្យ ទំនិញ ដែលអាជីវករបាននាំយក ពីប្រទេសថៃ មានដូចជា៖ ត្រីទឹកសាប ត្រីទឹកសមុទ្រ មឹក បង្គា បន្លែ សាច់ជ្រូក សាច់ណែម។ល។ បានយកនូវសារធាតុរួមមាន៖ Test Kit of Borax in Food, Test Kit of Sodium Hydrosulfite, Test Kit of Formalin in Food»

លោក សាន វិជ្ជាសារ៉ាវុធ បញ្ជាក់ថា Test Kit of Borax in Food: គឺស្វែងរកសារធាតុគីមីហាមឃាត់លាយ ផ្សំក្នុងចំណីអាហារ ដើម្បីរក្សាភាពស្វិតបានយូរ ប្រើប្រាស់លើ សសៃគុយទាវ ណែម សាច់ក្រក ប្រហិត Sodium Hydrosulfite, ស្វែងរកសារធាតុគីមី ហាមឃាត់លាយផ្សំក្នុងចំណីអាហារ ដើម្បីធ្វើឲ្យផលិតផលនោះមានពណ៌ស ភ្លឺថ្លា សំរាប់ទាក់ទាញអតិថិជន ច្រើនប្រើលើ សណ្តែកបណ្តុះ ខ្ញីហាន់ ត្រពាំងហាន់ គល់ស្លឹកគ្រៃហាន់, Formalin in Food ស្វែងរកសារធាតុគីមី ហាមឃាត់លាយផ្សំក្នុងចំណីអាហារ ដើម្បីរក្សាស្ថានភាពដើមផលិតផលមុខទំនិញឲ្យស្រស់បានយូរ មុខសញ្ញាប្រើប្រាស់រួមមាន មឹកស្រស់ បង្គារស្រស់ ត្រីសមុទ្រស្រស់។

នាពេលនោះមន្ត្រីកាំកុងត្រូលបន្តចុះអប់រំ ដល់អាជីវករ ប្រជាពលរដ្ឋនៅតាមគេហដ្ឋាន តាមតូបលក់នានាក្នុងភូមិសង្កាត់ទូទាំងខេត្តប៉ៃលិន និងបានដកហូតមុខទំនិញគ្មានគុណភាព ផុតថ្ងៃបរិច្ឆេទជាច្រើនដូចជា៖ ទឹកក្រូច នំកញ្ចប់ នំស្រួយ ស្រាបៀរដប ម្សៅស៊ុបរ៉តឌី ទឹកក្រូចឆ្មាដប ចាយហួយដូងត្រាំ ទឹកគោប្រអប់កូនក្មេង ដើម្បីប្រមូលទុកដុតកម្ទេចចោលនាខាងមុខឆាប់ៗនេះ រីឯម្ចាស់ទំនិញទាំងអស់ បានធ្វើកិច្ចសន្យាបញ្ឈប់ យកទំនិញណាគ្មានគុណភាពដាក់តាំងលក់បន្តទៀត៕