(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ២៖២០នាទី រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់ការសួរនាំលោកចៅក្រម លាង សំណាត់ អនុប្រធានតុលាការក្រុងភ្នំពេញ បានសម្រេចឃុំខ្លួនកូនប្រុសនាយ ហុង ដា និងសង្សាររបស់គេដាក់ពន្ធនាគារហើយ ពីបទសម្លាប់ម្តាយចុង។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅពេលនេះកម្លាំងអាវុធហត្ថកំពុងដឹកជនដៃដល់ និងសង្សាររបស់គេ ទៅកាន់ពន្ធនាគារហើយ។
កូនប្រុសនាយ ហុង ដា ឈ្មោះ ខា សុខេន ហៅនិត ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបាន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន វីរៈ ចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។ រីឯសង្សាររបស់គេឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» តាមមាត្រា២៩ និងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ អាចប្រឈមនឹងការដាក់ពន្ធនាគារអស់មួយជីវិត។
សូមបញ្ជាក់ថា ភរិយាវ័យក្មេងរបស់តារាកំប្លែងនាយ ហុង ដា ឈ្មោះ ស៊ឹម ចន្ធី ត្រូវបានឃាតកសម្លាប់នៅក្នុងខុនដូរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។ ក្រោយឃាតកម្មនេះ សមត្ថកិច្ចបានស្រាវជ្រាវតាមរយៈវិដេអូកាមេរ៉ាសុវត្ថិភាព រហូតឈានដល់ការឃាត់ខ្លួនកូនប្រុសនាយ ហុង ដា និងសង្សារបស់គេតែម្តង នៅក្នុងខណ្ឌជ្រោយចង្វា នារសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។
បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះហើយនោះ, កូនប្រុសនាយ ហុង ដា បានសារភាពហើយថា រូបគេពិតជាបានសម្លាប់ម្តាយចុង វ័យក្មេងរបស់ខ្លួន ពិតប្រាកដមែន។ ជនសង្ស័យវ័យក្មេងរូបនេះ បានសារភាពថា ការសម្លាប់នេះ គឺដើម្បីប្លន់គ្រឿងអលង្ការ ដែលមានតម្លៃជិតមួយពាន់ដុល្លារ និងដើម្បីបន្សាបកំហឹង ដែលម្តាយចុងរបស់ខ្លួន តែងតែជេរប្រទេចទៅលើខ្លួនខ្លាំងពេក៕