(ភ្នំពេញ)៖ បន្ទាប់ពីមានការលើកឡើងពីសំណាក់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដើរឃោសនាប្រាប់អ្នកគាំទ្ររបស់ខ្លួន នៅសហរដ្ឋអាមេរិកថា ស្រុកខ្មែរវេទនាណាស់ គឺពលរដ្ឋខ្លះគ្មានបង្គន់នៅតាមផ្ទះ និងរកតែបង្គន់សាធារណៈ ដើម្បីឲ្យអ្នកដំណើរបន្ទោរបង់មិនបានផង, ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ អ្នកវិភាគឆ្លើយតបថា អ្វីដែលលោក កឹម សុខា និយាយថា កម្ពុជាវេទនាគ្មានបង្គន់អនាម័យប្រើប្រាស់តាមផ្លូវសាធារណៈ, ចំណុចនេះអាចបង្ហាញពីការ មិនយល់ដឹងពិតប្រាកដអំពីស្ថានភាព រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា របស់មេដឹកនាំកំពូលមួយរបស់បក្សប្រឆាំង។
អ្នកវិភាគដែលកំពុងទទួលបានការចាប់អារម្មណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយ «ចៅចាក់ស្មុក» បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃអង្គារ៍ នេះថា «អ្វីដែល កឹម សុខា លើកឡើងថាកម្ពុជាវេទនា និងគ្មានបង្គន់អនាម័យប្រើប្រាស់ សូម្បីតែនៅតាមទីសាធារណៈ បង្ហាញពីការមិនយល់ដឹងពិតប្រាកដ នៃស្ថានភាពរស់នៅ របស់ប្រជាជនកម្ពុជា និងហាក់ដូចជាមាក់ងាយលើកិច្ចខិត ខំប្រឹងប្រែងរបស់ពលរដ្ឋដែលសាងសង់បង្គន់តាមផ្ទះ ដើម្បីអនាម័យនិងប្រើប្រាស់ ព្រមទាំងកិច្ច ខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍលើវិស័យសុខុមាលភាពរបស់ប្រជាជន។
អ្នកវិភាគដដែលរូបនោះ បានបន្តបញ្ជាក់ទៀតថា «លោក កឹម សុខា ទំនងជាអស់ប្រធានបទ ដែលត្រូវបោកប្រាស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសយកលុយ មកដូរឡានថ្មី ទិញចម្ការម្រេចហើយ បានជាខំប្រឌិតរឿង បង្គន់អនាម័យមកត្មិះតិះដៀលពលរដ្ឋខ្មែរ ឱ្យបរទេសស្តាប់។ ព្រោះតែប្រាក់ កឹម សុខា មិនញញើតក្នុងការបរិហារកេរ្តិ៍ពលរដ្ឋខ្មែរទាំងមូលឡើយ»។
អ្នកវិភាគដែលតាមដានជាប់អំពីស្ថានភាពយោនបាយ ដែលថ្លែងឲ្យដឹងថា «តើ កឹម សុខា និងក្រុមអ្នកតំណាងរាស្ត្ររបស់បក្សសង្គ្រោះជាតិ បានជួយសាងសង់ បង្គន់អនាម័យជូនប្រជាពលរដ្ឋខ្មែរបានមួយហើយឬនៅ? បក្សប្រឆាំង នេះមិនបានធ្វើអ្វីឡើយ មិនបានបែកភ្នែកមើលអ្វីដែលមានឡើយ។ បើកម្ពុជាវេទនាសូម្បីតែ បង្គន់អនាម័យក៏គ្មានសម្រាប់ប្រើដែរ ប្រហែល កឹម សុខា គ្មានលុយ ចិញ្ចឹមស្រីកំណាន់ និងមានលុយឡាន វីឡា ចម្ការម្រេចរាប់សិបហិកតាទេ ខណៈពីមុនបើក គណបក្ស កឹម សុខា គ្រាន់តែជាប្រធានអង្គការ សិទ្ធិមនុស្សមួយប៉ុណ្ណោះ»។
អ្នកវិភាគបានថ្លែងបន្តទៀតថា៖ «បើពលរដ្ឋខ្លះគ្មានបង្គន់អនាម័យ អាចមកពីគាត់ប្រមូលលុយមកឱ្យបក្សប្រឆាំង មកឱ្យ កឹម សុខា ដើម្បីធ្វើមានធ្វើបាន រហូតភ្លេចគិតពីការសាងសង់បង្គន់ សម្រាប់ខ្លួន។ បង្គន់មាន ហូរហែរតាមផ្លូវតាមស្ថានីយប្រេង អាហារដ្ឋានឬហាងផ្សេងៗដែលរាល់ការសាងសង់ គេតម្រូវឱ្យមានបន្ទប់ទឹកដើម្បី សាធារណជនប្រើប្រាស់ពេលធ្វើដំណើរ។ បើ កឹម សុខា ថាគ្មានបង្គន់អនាម័យគឺមានតែក្រុមកឹម សុខា ហ្នឹងដែលដើរ បន្ទោរបង់ពាសវាលពាស កាលក្រៅបង្គន់អនាម័យហ្នឹង»។
សូមជំរាបថា ការថ្លែងរបស់លោក កឹម សុខា អំពីបញ្ហាកម្ពុជាវេទនារហូតដល់គ្មានបង្គន់អនាម័យខាងលើនេះធ្វើឡើងនៅក្នុងវេទិកាជួបជុំសមាជិក និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅក្នុងទីក្រុងសៀអាថល (Seattle) រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ដែលនេះជាកម្មវិធីចុងក្រោយនៃដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សសង្គ្រោះជាតិ មុនពេលឡើងយន្តហោះវិលត្រឡប់មកកម្ពុជាវិញ។
ការឃោសនារបស់លោក កឹម សុខា ខាងលើនេះ ត្រូវបានមន្រ្តីរដ្ឋាភិបាល សម្តែងការហួសចិត្តយ៉ាងពន់ពេក និងអស់សំណើចយ៉ាងខ្លាំង។ ដែលមេដឹកនាំបក្សមួយ ទាំងមូលហ៊ាននិយាយកុហកបោកប្រាស់ជនរួមជាតិខ្លួននៅក្រៅប្រទេស ដើម្បីតែផលប្រយោជន៍លុយកាក់គណបក្សខ្លួន។ អ្នកវិភាគរូបនេះបានបន្តថា កឹម សុខា ទំនងគ្មានអ្វីទៅបោកជនរួមជាតិខ្លួនទៀត បានទាញយកប្រធានបទបង្គន់អនាម័យ មកធ្វើជាប្រធានបទបោកបន្តទៀត៕