(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការលើជំនាញ «វិធាននិងបទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ» ជូនមន្រ្តីក្រុមលទ្ធកម្មចំនួន ២៥០នាក់របស់អង្គភាពថវិកាថ្នាក់មូលដ្ឋាន នៃមន្ទីរ អង្គភាពជំនាញពីរាជធានី ខេត្ត ក្រោមឱវាទក្រសួងកិច្ចការនារី, ក្រសួងយុត្តិធម៌, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលដៅពង្រឹងពង្រីកសមត្ថភាព និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង ចំណេះធ្វើ និងជំនាញ ដើម្បីអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី៣ ឲ្យប្រព្រឹត្តទៅប្រកបដោយសង្គតិភាព តម្លាភាព និង សម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ពិធីបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការនេះ ប្រព្រឹត្តក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និង ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារភ្នំពេញ។ វគ្គបណ្តុះបណ្តាលនិងវិក្រឹតការនេះ មានរយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១៧។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានលើកថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងឆ្នាំ២០១៧នេះ មានក្រសួងស្ថាប័នចំនួន៣៦ រួមនឹងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ត្រូវអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ហើយនៅឆ្នាំ ២០១៨ ខាងមុខ ក្រសួង ស្ថាប័នដែលត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង នឹងកើនដល់៣៩ រួមនឹងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ទាំងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន។
លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរថា ផ្អែកតាមបទពិសោធន៍នៃការអនុវត្តក្នុងឆ្នាំ២០១៥ និង ២០១៦ កន្លងទៅបញ្ជាក់ថា មានអង្គភាពថវិកានៃក្រសួងស្ថាប័នមួយចំនួនបានជួបបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តវិធាន បទប្បញ្ញតិ្ត និង នីតិវិធីស្តីពីលទ្ធកម្មសាធារណៈ ដែលជាបច្ច័យធ្វើឱ្យរអាក់រអួល និងយឺតយ៉ាវដល់ការអនុវត្តគោលនយោបាយ កម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាពរបស់ខ្លួន។ បញ្ហាប្រឈមទាំងនោះ គឺម្យ៉ាង បណ្តាលមកពីសមត្ថភាព និង ការយល់ដឹងរបស់មន្រ្តីរាជការ ពិសេសក្រុមលទ្ធកម្មនៃអង្គភាពថវិកាទាំងនោះនៅមាន កម្រិត ហើយម្យ៉ាងទៀតគឺដោយសារបទប្បញ្ញត្តិ និងនីតិវិធីអនុវត្តន៍មួយចំនួនត្រូវបានផ្លាស់ប្តូរ និងបន្តកែលម្អជាបន្តបន្ទាប់ ដោយហេតុថា ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិការបស់យើង ស្ថិតនៅក្នុងដំណាក់កាលសាកល្បង ដែលត្រូវធ្វើបណ្តើរ រៀនសូត្របណ្តើរ និង កែលម្អបណ្តើរ នៅឡើយ ។
«ការបណ្តុះបណ្តាល និងកសាងសមត្ថភាព ជូនមន្រ្តីរាជការលើជំនាញពាក់ព័ន្ធនឹងការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា គឺជាការចាំបាច់ និង មានការកើនឡើងជាលំដាប់ ហើយក្នុងនោះ វិធាននិងបទប្បញ្ញត្តិ ស្តីពីលទ្ធកម្មសាធារណៈ គឺជំនាញចាំបាច់មួយ ដែលក្រុមលទ្ធកម្មនៃអង្គភាពថវិកា ត្រូវរៀនសូត្រ ស្វែងយល់ និងហ្វឹកហាត់ ដើម្បីធ្វើបច្ចុប្បន្នកម្ម និងពង្រីកចំណេះដឹង និងចំណេះធ្វើឱ្យកាន់តែរឹងមាំ សម្រាប់អនុវត្តតួនាទីភារកិច្ច ប្រកបដោយផលិតភាព និងប្រសិទ្ធភាព»។ លោក ហ៊ាន សាហ៊ីប បញ្ជាក់បន្ថែម។
លោក ហ៊ាន សាហ៊ីប ក៏បានលើកឡើងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការ ជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែងនៅឆ្នាំ ២០១៦ កន្លងទៅ មានវគ្គបណ្តុះបណ្តាលចំនួន ៤៤វគ្គ ត្រូវរៀបចំឡើងជូនមន្រ្តីរាជការ ថ្នាក់ដឹកនាំជំនាញ និង ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងស្ថាប័ន ដែលមានសិក្ខាកាមសរុបចំនួន ៣៥៣០នាក់ ។ ហើយនៅដើមឆ្នាំ ២០១៧ នេះ មានវគ្គបណ្តុះបណ្តាលចំនួន ៨ វគ្គ រួចមកហើយ ត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនមន្រ្តីរាជការនិងថ្នាក់ដឹកនាំជំនាញរបស់ក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធក្រោមឱវាទ និងមានសិក្ខាកាមសរុប ១០១០ នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ ។
លោកបណ្ឌិត ហ៊ាន សាហ៊ីប បានលើកទឹកចិត្តដល់សិក្ខាកាមឲ្យខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលនៅពេលនោះ ព្រមទាំងត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរគំនិតយោបល់និងបទពិសោធន៍ ឱ្យបានសកម្មនិងផុលផុស ដើម្បីចាប់យកចំណេះដឹងពិតប្រាកដសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់អង្គភាពការងាររៀងៗខ្លួនវិញ និង បានជំរុញលើកទឹកចិត្តដល់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបន្តសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនិងវិក្រឹតការបែបនេះ ថែមទៀតជូនដល់ក្រុមលទ្ធកម្ម នៃអង្គភាពថវិការបស់គ្រប់ក្រសួងស្ថាប័នដទៀត សម្រាប់រួមចំណែកពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ដឹង ដើម្បីចូលរួមអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងក្របខណ្ឌនៃអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងផលិតភាពខ្ពស់៕