(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនកូនប្រុសនាយ ហុង ដា និងសង្សាររបស់គេ មកតុលាការម្តងទៀត ដើម្បីបន្តសួរនាំដើម្បីសម្រេចចុងក្រោយ លើការឃុំខ្លួនដាក់ពន្ធនាគារ។ ភ្នាក់ងារ Fresh News បានរាយការណ៍មកថា នៅពេលនេះ អនុប្រធានតុលាការលោកចៅក្រម លាង សំណាត់ បាននិងកំពុងសួរនាំពួកគេទាំង២នាក់ ដើម្បីសម្រេចជាចុងក្រោយ។
នៅព្រឹកមិញវេលាម៉ោងប្រមាណ១០៖៣០នាទី ក្រោយបញ្ចប់ការសួរនាំ ជនត្រូវចោទទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ រង់ចាំការបញ្ជូនមកតុលាការម្ដងទៀត នៅរសៀលថ្ងៃនេះ ដើម្បីសម្រេចចុងក្រោយពីលោកចៅក្រម។
បើតាមសេចក្ដីរាយការណ៍ នៅក្រោយបញ្ចប់ការសួរនាំនោះ គេក៏សង្កេតឃើញម្ដាយបង្កើតរបស់ជនដៃដល់ និងត្រូវជាប្រពន្ធដើមរបស់នាយ ហុង ដា គឺនាងខ្មឹប បានទៅជួបកូននៅតុលាការផងដែរ។
កូនប្រុសនាយ ហុង ដា ឈ្មោះ ខា សុខេន ហៅនិត ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបាន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន វីរៈ ចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។ រីឯសង្សាររបស់គេឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» តាមមាត្រា២៩ និងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ អាចប្រឈមនឹងការដាក់ពន្ធនាគារអស់មួយជីវិត។
សូមបញ្ជាក់ថា ភរិយាវ័យក្មេងរបស់តារាកំប្លែងនាយ ហុង ដា ឈ្មោះ ស៊ឹម ចន្ធី ត្រូវបានឃាតកសម្លាប់នៅក្នុងខុនដូរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។ ក្រោយឃាតកម្មនេះ សមត្ថកិច្ចបានស្រាវជ្រាវតាមរយៈវិដេអូកាមេរ៉ាសុវត្ថិភាព រហូតឈានដល់ការឃាត់ខ្លួនកូនប្រុសនាយ ហុង ដា និងសង្សារបស់គេតែម្តង នៅក្នុងខណ្ឌជ្រោយចង្វា នារសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។
បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះហើយនោះ, កូនប្រុសនាយ ហុង ដា បានសារភាពហើយថា រូបគេពិតជាបានសម្លាប់ម្តាយចុង វ័យក្មេងរបស់ខ្លួន ពិតប្រាកដមែន។ ជនសង្ស័យវ័យក្មេងរូបនេះ បានសារភាពថា ការសម្លាប់នេះ គឺដើម្បីប្លន់គ្រឿងអលង្ការ ដែលមានតម្លៃជិតមួយពាន់ដុល្លារ និងដើម្បីបន្សាបកំហឹង ដែលម្តាយចុងរបស់ខ្លួន តែងតែជេរប្រទេចទៅលើខ្លួនខ្លាំងពេក៕