(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋជិត២០០០គ្រួសារមកពី៥ភូមិ ក្នុងឃុំចំនួន៤ របស់ស្រុកកណ្តៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់ បានទទួលប័ណ្ណកម្មសិទ្ធិពី អាជ្ញាធរខេត្ត និងមន្រ្តីជំនាញសូរិយោដី ដែលធ្វើឲ្យពួកគាត់សប្បាយរីករាយមែនទែន លែងមានការ ព្រួយបារម្ភទៀតឡើយ ចំពោះបុគ្គលណា មករំលោភបំពាននោះ។ នៅថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០១៧នេះ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បាន និងដឹកនាំមន្រ្តីជំនាញ ចុះចែកប័ណ្ណកម្មសិទ្ធិផ្ទាល់ដល់ ប្រជាពលរដ្ឋតែម្តង។
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះស្ថិតនៅបរិវេណវត្តពោធិ៍វង្ស ស្ថិតក្នុងភូមិអន្លង់ហាប ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ លោកអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ម្ចាស់ក្បាលដី២ភូមិ នៅក្នុងឃុំកោះជុំ និងឃុំស្រែស្តុក ស្រុកកណ្តៀង ចំនួនចំនួន៨១២គ្រួសារ ស្មើនឹង២១២៨ប័ណ្ណ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ដោយឡែកនៅថ្ងៃស្អែក ក្រុមការងារនឹងចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុបន្ថែមទៀត ជូនប្រជាពលរដ្ឋ ០៣ភូមិ ក្នុងឃុំត្រពាំងជង និងឃុំស្នាមព្រះ ស្រុកបាកានមានចំនួន១០២២គ្រួសារ ស្មើនឹង២៨០៦ប័ណ្ណ។
នៅចំពោះមុខប្រជាពលរដ្ឋ លោក ម៉ៅ ធនិន បានលើកឡើងថា ប័ណ្ណកម្មសិទ្ធិ គឺជាមាសប្រាក់ និងជាកេរ្តិ៍មរតកតកូនតចៅរបស់សម្តេច តេជោ ហ៊ុន សែន ហេតុនេះសូមឲ្យបងប្អូន ប្រជាពលរដ្ឋត្រូវចេះថែរក្សាការពារកុំឲ្យបាត់បង់ និងត្រូវចេះដាំដុះ បង្កបង្កើនផលនៅលើដី នោះឲ្យអស់លទ្ធភាព ដើម្បីបង្កើនជីវភាពរស់នៅកាន់តែប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ។
លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានជម្រាបជូនថា រយៈពេលប៉ុន្មានខែ កន្លងមកនេះ មន្រ្តីក្រុមការងារអនុវិស័យរដ្ឋបាលដីធ្លីខេត្ត បានចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋទាំង០២ភូមិ គឺភូមិអន្លង់ហាប ឃុំកោះជុំ និងភូមិត្រង់ ឃុំស្រែស្តុក ស្រុកកណ្តៀង មានចំនួន៨១២គ្រួសារ ស្មើនឹង ២១២៨ប័ណ្ណ រួមមានដីលំនៅឋាន ដីកសិកម្ម ដីអណ្តូង ដីទួលកប់ខ្មោច ដីបឹង ដីរួមភូមិ ដីទួល និងដីម្ចាស់មិនមកបំពេញទិន្នន័យ មិនអាចចេញប័ណ្ណកម្មសិទ្ធិបាន។
លោក ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនដល់ប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដី០២ភូមិ គឺភូមិអន្លង់ហាប ឃុំកោះជុំ និងភូមិត្រង់ ឃុំស្រែស្តុក ស្រុកកណ្តៀងនាពេលនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលនានាជាច្រើនរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីដោយស្របច្បាប់។
លោកបានរំលឹកថា ជាច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋនៅក្នុងតំបន់ខ្លះមិនដែលមានប័ណ្ណកម្មសិទ្ធិដីធ្លីនោះទេ កត្តានេះវាមានមូលហេតុ ជាច្រើន ពិសេសសង្រ្គាម ទើបតែសម័យបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានចំណាយទាំងថវិកា និងធនធានមនុស្ស ចុះធ្វើការវាស់វែងនិង ប្រមូល ទិន្នន័យដីធ្លី តាំងពីបទបញ្ជាលេខ០១ ស្របតាមគោលនយោបាយចាស់ សកម្មភាពថ្មី ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ យើងទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់។
លោកបានលើកឡើងថា ដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយអនុគ្រោះ ដោយបញ្ឈប់និងលើកលែងលើតម្លៃ សេវាផ្សេងៗ ហើយកំពុងទទួលបានការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋទូទៅ មានដូចជា៖ ការបញ្ឈប់ការយកពន្ធ លើមធ្យោបាយប្រចាំឆ្នាំ(ម៉ូតូ) ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដល់អ្នកជាប់សាច់ញាតិបង្កើត ការបញ្ចុះថ្លៃអគ្គិសនី ការតបណ្តាញទឹកស្អាតក្នុងតម្លៃថោក ដល់ផ្ទះជួលរបស់កម្មករ ការបញ្ឈប់យកភាស៊ី ការលក់ល្អីកញ្ច្រែងតាមផ្សារ ការបញ្ឈប់ការយក កម្រៃសេវាអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ រួមនឹងការតម្លើងប្រាក់បៀវត្សន៍ជូនមន្ត្រីរាជការ និងតម្លើងប្រាក់ឈ្នួលដល់កម្មករ។ល។
លោកបានរំលឹកថា នៅសល់តែ១៩ថ្ងៃទៀតទេ គឺជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដូចនេះសូមបងប្អូនត្រូវថែរក្សាឯកសារ ពាក់ព័ន្ធនឹងការបោះឆ្នោតឱ្យបានត្រឹមត្រូវ និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ទៅតាមឆន្ទះរបស់ខ្លួន។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានប្រគល់ជូនប័ណ្ណកម្មដីធ្លីជានិម្មិតរូបជូនប្រជាពលរដ្ឋ ១០គ្រួសារ និងបានចាត់ឲ្យក្រុមការងារ បន្តចែកជូនប័ណ្ណដែលនៅសេសសល់ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះផងដែរ៕