(រតនគិរី)៖ ដើម្បីលើកកម្ពស់ពីសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ បានបន្តចុះត្រួតពិនិត្យផ្សារបរកែវ និងផ្សារអូរយ៉ាដា ដើម្បីពិនិត្យបន្លែសាច់ និងផ្លែឈើ ដែលដាក់លក់នៅលើផ្សារទាំងពីរ គោលបំណងស្វែងរកសារធាតុគីមី។
មន្រ្តីកាំកុងត្រូលសាខរខេត្តរតនគិរី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនៅផ្សារទាំងពីរខាងលើ មន្រ្តីជំនាញក៏បានដកហូតទំនិញហួស កាលបរិច្ឆេទ ដូចជា៖ ទឹកដោះគោប្រអប់ ទឹកម្ទេស ទឹកត្រី ម៉្សៅឆា ម៉្សៅស៊ុប រ៉តឌីស៊ុប និងចាហួយគុជ ជាដើមដោយសរុបទម្ងន់ទាំងអស់២៨គីឡូក្រាម។
ជាមួយគ្នានោះមន្រ្តីជំនាញកាំកុងត្រូល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងជាពិសេសអាជីវករសូមកុំយកបន្លែ ផ្លែឈើនិងទំនិញដែលខូច គុណភាព និងហួសកាលបរិច្ឆេទ យកមកលក់បន្តទៀត។ មន្រ្តីកាំកុងត្រូលក៏បានអប់រំ និងអំពាវនាវដល់អាជីវករអ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅផ្សារបរកែវ និងផ្សារអូរយ៉ាដាវ ដើម្បីឲ្យពួកគាត់ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូលខេត្តរនគិរី បានបានបន្ថែមថា ការធ្វើរបៀបនេះ ក៏មានការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាន និងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ តាមច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ៕