(សៀមរាប)៖ បន្ទាប់ពីចំណាយពេលជិត១ឆ្នាំ និងទឹកប្រាក់ជាងរាប់ម៉ឺនដុល្លារ ឥឡូវនេះ រោងភាពយន្ត «បារាយណ៍អណ្តែត» ខេត្តសៀមរាប បានបើកដំណើរការឡើងវិញ ជាមួយសោភណភាព និងបច្ចេកទេសតាមស្តង់ដារទំនើប។ រោងភាពយន្តនេះ ចាប់ផ្តើមប្រើម៉ាស៊ីនបញ្ចាំង​ DCP (Digital Cinema ​Package) ក្នុងការបញ្ចាំងតាំងពីពាក់កណ្តាល ខែមេសាមក។

កាលពីពេលថ្មីៗកន្លងទៅនេះ  រឿង«អាមោកលក់ម៉ាំ» ជាខែ្សភាពយន្តខ្មែរ​ដំបូង​ដែល រោងភាពយន្ត «បារាយណ៍អណ្តែត» ចាក់បញ្ចាំងពិ​សេស ដោយសហការជា​មួយក្រុមហ៊ុន ចែកចាយភាពយន្តខ្មែរ «ពូព្រហ្ម» និងប្រើប្រព័ន្ធ​ទំនើបថ្មីរបស់ខ្លួន ដើម្បីបង្ហាញទំនើបកម្ម​របស់ខ្លួន។ ក្នុងនោះ យើងឃើញមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូប មកពីបណ្តាក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋានពេញនិយម និងយុវជនមានឥទ្ធិពល​មួយចំនួន នៅក្រុងសៀមរាប។

ភ្ញៀវភាគច្រើន ដែលបានទស្សនាហើយ បញ្ចេញយោបល់ថា រឿង«អាមោកលក់ម៉ាំ» មានលក្ខណៈកំប្លែង និងចង់តាមដាន រហូតចប់។ រោងភាពយន្ត​«បារាយណ៍អណ្តែត»  ជាមួយ សោភណភាព និងស្តង់ដារថ្មី គឺអាចទទួលយកបាន ហើយសេវាកម្មល្អគាប់ចិត្ត។

គួរបញ្ជាក់ថា រឿង«អាមោកលក់ម៉ាំ» ជាប្រភេទរឿងកំប្លែង លាយឡំនឹងមនោសញ្ចេតនា នឹងចាក់បញ្ចាំងនៅគ្រប់រោងភាព​យន្តទំនើបៗ រួមទាំង រោងភាពយន្ត «បារាយណ៍អណ្តែត»ផងដែរ ចាប់ពីថ្ងៃទី ១៨ ឧសភា ២០១៧នេះតទៅ​។ នេះជាវណ្ណកម្មថ្មីរបស់ផលិតកម្ម «មហាហង្ស» ក្រោមការចែកចាយរបស់ ក្រុមហ៊ុន«ពូព្រហ្ម»។​

សូមជំរាបថា ពូព្រហ្ម អ៊ិនធើធេនម៉ិន (PuPrum Entertainment) ជាក្រុមហ៊ុនរួមសម្ព័ន្ធរវាង ក្រុមហ៊ុន ចែកចាយភាពយន្តធំៗ២ គឺ SABAY DIGITAL CORPORATION និង WESTEC MEDIA LIMITED។ ក្រុមហ៊ុនមានភារៈ ចែកចាយភាពយន្តដែលផលិតនៅកម្ពុជា និងជាក្រុមហ៊ុន ដែលផ្តល់អជ្ញាប័ណ្ណភាពយន្ត និងផ្តល់ខ្លឹមសាររឿងឈានមនុខគេ នៅប្រទេសកម្ពុជា។ ពូព្រហ្ម អ៊ិនធើធេនម៉ិន បានដាក់ខ្លួនជាក្រុមហ៊ុន​ចែកចាយជាតិ និងអន្តរជាតិ ដែលជំនាញ ខាងភាពយន្តខ្នាតវែង​ប្រកបដោយគុណភាព មកពីប្រទេសកម្ពុជា។
តាមរយៈបណ្តាញដៃគូ ចែកចាយ និងផ្សព្វផ្សាយទូលំទូលាយ ពូព្រហ្ម អ៊ិនធើធេនម៉ិន ចាត់ចែងសិទ្ធិដូចតទៅ​៖ ចាក់ក្នុងរោងកម្សាន្ត តាមផ្ទះ ទូរទស្សន៍ និងវីឌីអូតាមតម្រូវការ។ ស្នាដៃកន្លងមករបស់ពូព្រហ្ម អ៊ិនធើធេនម៉ិន រួមមានភាពយន្តខ្មែរល្បីៗ និងជោគជ័យមួយចំនួន ដែលមានសក្តានុពលក្នុងតំបន់ និងលើឆាកអន្តរជាតិ៕