(កំពង់ឆ្នាំង)៖ ដើម្បីពង្រឹងកម្លាំងគៀងគរមហាជនយកឈ្នះ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលនៅតែប៉ុន្មានថ្ងៃទៀតនេះ សកម្មជន CPP ជាបងប្អូនខ្មែរឥស្លាមមកពី៥៣ភូមិ នៃឃុំចំនួន២៦ និង៧ស្រុកទូទាំង ខេត្តកំពង់ឆ្នាំង ដែលជាថ្នាក់ដឹកនាំ គណៈអ៊ីម៉ាំ (មេគុណ) គណៈចលនាសាសនិកឥស្លាមរបស់CPP ខេត្ត ក្រុង ស្រុក និងភូមិនានា លោកគ្រូអ្នកគ្រូខ្មែរឥស្លាមក្របខណ្ឌ និងជាប់កិច្ចសន្យាទូទាំងខេត្ត ចូលរួមក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ សម្រួលភារកិច្ច ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណណៈចលនាសាសនិក ឥស្លាមរបស់ CPP ។
ពិធីត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមសហអធិបតីភាព លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជាជាមួយលោក ឈួរ ចន្ទឌឿន សមាជិកគណៈកម្មាធិកាកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង។
លោក ឈួរ ច័ន្ទឌឿន បានអរគុណដល់កម្លាំងសកម្មជន និងសមាសភាពគណៈចលនាសាសនិកឥស្លាម CPP ដែលបានគៀងគរឲ្យមហាជនរបស់ខ្លួន ភាគច្រើន បានសម្រេចចិត្ត ដ៏ត្រឹមត្រូវក្នុងការបោះឆ្នោតជ្រើសរើសគណបក្សប្រជាជនកម្ពុជា នៅតែជាមេដឹកនាំដឹកនាំប្រទេស នេះគឺជាការសម្រេចទៅលើ ជោគវាសនា ដ៏រុងរឿងរបស់បងប្អូន ហើយបានបំពេញនូវគុនូបការៈដ៏ថ្លៃថ្លា ជូនចំពោះមេដឹកនាំ CPP ដែលបានសាងគុណបំណាច់ជាច្រើន ជូនប្រជាជាតិទាំងមូល រួមទាំងសហគមន៍ខ្មែរឥស្លាមផងដែរ។
ជាមួយគ្នានោះលោក អូស្មាន ហាស្សាន់ បានក្រើនរំលឹកថា សូមកុំញញើត ឬចាញ់បោកនូវការសន្យាអះអាង បែបបោកប្រាស់របស់បណ្តាបក្សប្រឆាំង ថានឹងផ្តល់នូវអ្វីគ្រប់បែបយ៉ាង ខណៈដែលកន្លងមក រហូតបច្ចុប្បន្នមិនទាន់អ្នកណាបានសាងនូវស្នាដៃបន្តិចណាជូនសហគមន៍ឡើយ ផ្ទុយទៅវិញមានតែការបង្កផ្គរភ្លៀង និងញុះញង់បង្កចលាចល ដល់សហគមន៍ ការបំបែកបំបាក់សាមគ្គីរវាងបងប្អូនក្នុងគ្រួសារ និងសហគមន៍តែប៉ុណ្ណោះ។
ជាក់ស្តែងការប្រកាសអូតអាងពីការទាមទារសេរីភាពរបស់ពួកគាត់ ខណៈដែលមេដឹកនាំគណបក្សរបស់ពួកគេ គ្មានទាំងដែលស្គាល់អ្វីជាលះបង់ ដើម្បីទាមទារសេរីភាព និងសេចក្តីសុខសន្តិភាព ជូនប្រជារាស្ត្រទាល់តែសោះ ចំណែកសេរីភាព សុខសន្តិភាព និងភាពចម្រុងចម្រើនមកដល់សព្វថ្ងៃនេះ គឺបានមកដោយការតស៊ូយ៉ាងលំបាក ការលះបង់ឈាមស្រស់ ព្រាត់ប្រាស បងប្អូនគ្រួសារ នៃមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែ១គត់។
ជាចុងក្រោយ លោកប្រធានគណៈចលនា ក៏បានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ និងសកម្មជនគ្រប់រូប បន្តសហការការងារពង្រឹងឲ្យបានកាន់តែខ្លាំងក្លាឡើង ជាពិសេសកម្លាំងគណៈចលនា ត្រូវធ្វើកិច្ចសហការឲ្យស្អិតរមួត និងល្អប្រសើរជាមួយគណបក្សខេត្ត ស្រុក និងគ្រប់មូលដ្ឋាន ក្នុងទិសដៅតែមួយសំដៅដណ្តើមជ័យជំនះជូន CPP ដូចគ្នា ដើម្បីបានបន្តរួមរស់សុខសន្តិភាព នៅម្លប់តែមួយជាមួយគ្នា៕