(បាត់ដំបង)៖ ប្រធានក្រុមការងារចុះពង្រឹងឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានថ្លែងថា លោកគ្រូ អ្នកគ្រូមានតួនាទី សំខាន់ណាស់ និងមានគុណបំណាច់ សម្រាប់សង្គមជាតិព្រោះ លោកជាអ្នកបណ្តុះបណ្តាល ធនធានមនុស្សផ្ទាល់ ឲ្យមានចំណេះដឹង តាំងពីវ័យកុមារ រហូតដល់មនុស្សពេញវ័យ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នគរបាលប៉ុស្តិ៍ នៅទីស្នាក់ការបក្សឃុំអូរតាគី និងទីស្នាក់ការបក្ស ស្រុកថ្មគោល មកពីឃុំទាំង២ប្រមាណ២៥៩នាក់ នាថ្ងៃចុងសប្តាហ៍នេះ។
សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន លោក សួស អង្គារ៍ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ គ្រូពេទ្យ មន្រ្តីនគរបាលប៉ុស្តិ៍នៅឃុំអូរតាគី និងឃុំតាមឺនចំនួន២៥៩នាក់ដោយ លោកបាន លើកឡើងអំពីសភាពការណ៍ទូទៅ បញ្ហាសង្គមបច្ចុប្បន្ន ពិសេសរឿងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ខាងមុខនេះ និងបានលើកឡើងពីបញ្ហាកង្វល់របស់លោកគ្រូ-អ្នកគ្រូផងដែរ។
លោកបានបន្តថា លោកគ្រូ-អ្នកគ្រូ មានទេពកោសល្យ គរុកោសល្យច្បាស់លាស់ណាស់ទើបអាច ធ្វើជាគ្រូបង្រៀនបាន ដោយមានចិត្ត អំណត់អត់ធ្មត់ សណ្តោសប្រណីដល់កូនក្មួយៗទាំងអស់ ដែលគាត់ជាក្មេងស្អាតស្អំប្រៀបបាន និងក្រដាស់សមួយសន្លឹកអញ្ចឹង មិនទាន់ដឹងអីច្បាស់លាស់ទេ សិស្សល្អ កូនល្អ រៀនពូកែ ក៏អាស្រ័យទៅលើទេពកោសល្យនៃការបណ្តុះបណ្តាលរបស់លោកគ្រូ អ្នកគ្រូទាំងអស់គ្នា។
លោកបានបញ្ជាក់ថា ក្នុងជំនួបសំណេះសំណាលនេះដែរ គឺចង់ដឹងពីកង្វល់ផ្សេងៗ សំណូពរអ្វីលោក និងធ្វើការដោះស្រាយជូន តែសំណូមពរណាហួសលទ្ធភាព ប្រធានក្រុមការងារ និងស្នើសុំយោបល់ពីថ្នាក់លើពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រោះសម្តេចជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបាត់ដំបងជួយដោះស្រាយបន្តទៀត។
នៅក្នុងពិធីនេះដែរ ប្រធានក្រុមការងារបានដោះស្រាយជូនដីគ្រួសក្រហមចំនួន៤៧ឡានអស់ទឹកប្រាក់ចំនួន ៤.៧០០ដុល្លាជួយ អណ្តូងស្នប់ មួយកន្លែង នៅសាលាបឋមសិក្សាកកោះអស់ទឹកប្រាក់ ៦០០ដុល្លាអាមេរិក និងជូនថវិកាដល់លោកគ្រូ-អ្នកគ្រូដែលមក ចូលរួមក្នុងម្នាក់ៗ ទទួលបានថវិកា ៣០ម៉ឺនរៀល។
លោកបានថ្លែងថា ក្នុងនាមលោកជាក្រុមការងារចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជា លោកគ្រូ-អ្នកគ្រូសូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់គ្នានាពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕