(ភ្នំពេញ)៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិករយៈពេលជាង២សប្តាហ៍មកនេះ។
លោក កឹម សុខា បានចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើទស្សនកិច្ច និងជួបសំណេះសំណាលជាមួយអ្នកគាំទ្រ នៅបណ្តារដ្ឋមួយចំនួនរបស់អាមេរិក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ ទស្សនកិច្ចទៅកាន់អាមេរិកនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្រ្គោះជាតិថ្មីរូបនេះ បានទៅទស្សនកិច្ចនៅប្រទេសញូហ្សេឡែន និងប្រទេសអូស្រ្តាលី រយៈពេល២សប្តាហ៍ កាលពីដើមខែមេសា។
អ្នកវិភាគចៅចាក់ស្មុក ដែលជាអ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា តាមការទទួលព័ត៌មានពីមន្រ្តីសកម្មជន គាំទ្របក្សប្រឆាំងនៅបរទេស បានទម្លាយឲ្យដឹងថា សកម្មភាពរបស់លោកប្រធាន កឹម សុខា មិនសូវទទួលបានផលល្អប្រសើរនោះទេ ដោយបងប្អូនប្រជាពលរដ្ឋ មួយចំនួនធំ មិនបានឧបត្ថម្ភថវិកាច្រើនៗដូចលើកមុននេះទេ។ ពោលគឺធ្លាក់ចំណូលយ៉ាងច្រើនតែម្តង មិនដូចពីអាណត្តិមុននេះឡើយ។
នៅពេលជួបប្រជាពលរដ្ឋនៅអាមេរិកនោះ លោក កឹម សុខា បានដើរឃោសនាប្រាប់អ្នកគាំទ្ររបស់ខ្លួនថា ស្រុកខ្មែរវេទនាណាស់ គឺពលរដ្ឋខ្លះគ្មានបង្គន់នៅតាមផ្ទះ និងរកតែបង្គន់សាធារណៈ ដើម្បីឲ្យអ្នកដំណើរបន្ទោរបង់មិនបានផង។
ការថ្លែងរបស់លោក កឹម សុខា យ៉ាងដូច្នេះ គឺនៅក្នុងវេទិកាជួបជុំសមាជិក និងអ្នកគាំទ្រគណបក្ស នៅក្នុងទីក្រុងសៀអាថល (Seattle) រដ្ឋធានីវ៉ាស៊ីនតោន កាលពីម្សិលមិញ ដែលនេះជាកម្មវិធីចុងក្រោយនៃដំណើរទស្សនកិច្ច របស់ប្រធានគណបក្សសង្គ្រោះជាតិ មុនពេលឡើងយន្តហោះវិលត្រឡប់មកកម្ពុជាវិញ។
ការឃោសនារបស់លោក កឹម សុខា បែបនេះ ត្រូវបានមន្រ្តីរដ្ឋាភិបាល សម្តែងការហួសចិត្តយ៉ាងពន់ពេក និងអស់សំណើចយ៉ាងខ្លាំង។
ជាមួយគ្នានេះ អ្នកវិភាគនយោបាយនៅក្នុងប្រទេសកម្ពុជា ចៅចាក់ស្មុក បានលើកឡើងដោយហួសចិត្ត និងសោកស្តាយបំផុត ដែលមេដឹកនាំបក្សមួយទាំងមូល បន្តនិយាយកុហកបោកប្រាស់ជនរួមជាតិខ្លួន ដើម្បីតែផលប្រយោជន៍លុយកាក់។ អ្នកវិភាគរូបនេះ បានបន្តថា កឹម សុខា ទំនងគ្មានអ្វីទៅបោកជនរួមជាតិខ្លួនទៀត បានទាញយកប្រធានបទបង្គន់អនាម័យ មកធ្វើជាប្រធានបទបោកបន្តទៀត។
ហេតុអ្វីបានជា កឹម សុខា ដែលគេចាត់ទុកថា ជាមេបក្សប្រឆាំងមួយទាំងមូលបែរជា យកបញ្ហាបង្គន់មកធ្វើជាប្រធានបទឃោសនារកប្រាក់? អ្វីដែលកឹម សុខា បានលើកឡើងនៅពេលនេះ គឺមិនឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាពឡើយ ខណៈដែលក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងដៃគូអភិវឌ្ឍន៍នានាបានខិតខំ ក្នុងការសាងសង់បង្គន់ជូនដល់អ្នកគ្មានលទ្ធភាព ហើយភាគច្រើនបងប្អូនប្រជាពលរដ្ឋ មានបង្គន់អនាម័យប្រើប្រាស់ ឬបង្គន់សមរម្យសម្រាប់បន្ទោរបង់ និងបន្តជំរុញឱ្យពលរដ្ឋ មានបង្គន់អនាម័យគ្រប់ៗគ្នា។ ជាការពិតតំបន់មួយចំនួន បងប្អូនប្រជាពលរដ្ឋនូវអនុវត្តទម្លាប់ចាស់របស់ខ្លួនក្តី។ កឹម សុខា និយាយនេះអាចត្រូវកាលពីជំនាន់លោក ធ្វើជាចោរលួចអង្ករ តែមិនមែនបច្ចុប្បន្ននេះឡើយ៕