(ត្បូងឃ្មុំ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្ដេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានចុះទៅពិនិត្យព្យាបាលជំងឺជូន ប្រជាពលរដ្ឋ ឥតគិតថ្លៃចំនួន២ពាន់នាក់នៅ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមចំណែកកាត់ន្ថយការចំណាយរបស់ ពួកគាត់ប្រចាំថ្ងៃ ចំពោះសេវាសុខភាព។
យុទ្ធនាការនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ ដឹកនាំដោយលោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងក្រុមការងារ មួយចំនួនទៀត ដោយមានការចូលរួមពីប្រធានសុខាភិបាល និងអាជ្ញាធរមូលដ្ឋានផងដែរ។
នៅក្នុងឱកាសនោះលោកតំណាងរាស្រ្ត កែវ ពិសិដ្ឋ បានថ្លែងថា «ក្រៅពីការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាសុខភាព ត្រូវការ ចាំបាច់ដែរ។ ប្រជាពលរដ្ឋម្នាក់ៗ ចង់បានដូចនេះ ការផ្ដល់ការពិនិត្យព្យាលបាលជំងឺ ជូនប្រជាពលរដ្ឋ នៅឃុំដូនតី នាពេលនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ ស្រយាល ដែលមានជីវភាពខ្វះខាតឲ្យទទួលបាន សេវាសុខភាពដូចៗគ្នា»។
លោកថា ដោយសារមើលឃើញបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្ស តែងតែចាត់ឲ្យក្រុមពេទ្យស្មគ្រ័ចិត្ត ចុះជួយពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅគ្រប់តំបន់ទូទាំងប្រទេស ការចុះពិនិត្យ និងព្យាបាលនេះ គឺជាស្មារតីមនុស្សធម៌ពិតៗកើតចេញ ពីសេចក្តីស្រឡាញ់ដែលមិនប្រកាន់ជំនឿសាសនា ឬនិន្នាការនយោបាយ គឺក្នុងគោលសំដៅតែមួយ គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងឲ្យប្រជាពលរដ្ឋ ទទួលបានសុខភាពល្អរស់នៅមានសុភមង្គល ក្នុងមហាគ្រួសារខ្មែរ។ ដូចនេះយើងបន្តរស់នៅរួមសុខរួមទុក្ខជាមួយគ្នា និងរួមគ្នាអភិវឌ្ឍប្រទេសបន្តទៀត។
លោក កែង វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដែលជាអ្នកដឹកនាំផ្ទាល់ក្នុងការព្យាបាលនេះ បានឲ្យដឹងថា ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទាំង២ពាន់ នាក់នេះរួមមាន៖ ការពិគ្រោះពិនិត្យជំងឺទូទៅ ការពិនិត្យតាមអេកូសាស្ត្រ ការវះកាត់តូច ពិនិត្យជំងឺភ្នែក និងជំងឺទឹកនោមផ្អែម។
នៅថ្ងៃដដែលនោះដែរ លោក កែវ ពិសិដ្ឋ និងក្រុមការងារបានអញ្ជើញចុះសាកសួសុខទុក្ខ និងបានស្វែងយល់ពីស្ថានភាពជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋតាមភូមិនីមួយៗរបស់ឃុំពពេលផងដែរ ដោយនាំយកអំណោយ មានជាសម្ភារៈប្រើប្រាស់គ្រឿង ឧបភោគបរិភោគ និងថវិកាមួយ ចំនួនជូនដល់ គ្រួសារខ្វះខាត ស្ត្រីមេម៉ាយ និង ចាស់ជរាចំនួន១០០គ្រួសារក្នុងឃុំនេះផងដែរ៕