(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ ជា ម៉ន បញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការដ្ឋានយោភូមិភាគទី៤ បានថ្លែងថា «កងកម្លាំងទាំងអស់ត្រូវ ពង្រឹងសមត្ថភាពបន្ថែម ដើម្បីឲ្យក្លាយជាឧបករណ៍ដ៏រឹងមាំ ក្នុងការចូលរួមថែរក្សាការពារសន្តិសុខសង្គម ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារ រាជរដ្ឋាភិបាលការពាររដ្ឋធម្មនុញ្ញ ស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត ប្រឆាំងដាច់ខាតចំពោះក្រុម ដែលចេតនាប្រឆាំងមកលើរាជរដ្ឋាភិបាល»។
លោកឧត្តមសេនីយ៍ឯក ជា ម៉ន បានអញ្ជើញជាអធិបតី បើកវគ្គហ្វឹកហ្វឺន បំប៉នយុទ្ធវិធី យុទ្ធដំណើរទ័ព បាញ់ស៊ីបគ្រាប់ពិតដល់នាយទាហាន នាយទាហានរងពលទាហាន នៅបញ្ជាការដ្ឋានវរសេនាតូចថ្មើរជើងលេខ១ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ពិធីនេះ ដោយមានការចូលរួមពីលោក គង វិមាន អភិបាលរងខេត្តកំពង់ធំ ប្រធានអង្គភាពមន្ត្រីរាជការជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ប្រមាណជិត២០០នាក់។
លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើរបាយការណ៍ដោយអនុវត្តតាមផែនការហ្វឹកហ្វឺន របស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោភូមិភាគទី៤ ការបើកវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ តាមផែនការបានកំណត់ដែលមានសន្ទស្សន៍ ដាក់ចុះចំនួន១០០នាក់។
លោកថា ចំនួននេះ អង្គភាពបានសម្រេចរៀបចំហ្វឹកហាត់ ដល់កម្លាំងវរសេនាតូចថ្មើជើងលេខ១ ដើម្បីបំប៉នដល់កម្លាំងលើផ្នែកយុទ្ធវិធី វិន័យ សណ្តាប់ធ្នាប់ បង្កើនមនសិកាស្នេហាជាតិ ពង្រឹងតួនាទី ចូលរួមក្នុងកិច្ចការពាដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងមានការបាញ់ស៊ីបគ្រាប់ពិត ប្រភេទអាវុធ B40-B41 និងមានយុទ្ធដំណើរទ័ពក្នុងចម្ងាយផ្លូវ ៣២ គីឡូម៉ែត្រ នៅពេលបញ្ចប់វគ្គផងដែរ។
ការហ្វឹកហ្វឺនរៀនសូត្រនេះមានរយៈពេល៤៥ ថ្ងៃដោយមានការឧបត្ថម្ភគាំទ្រពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំនួន៣០០០រៀល ក្នុងម្នាក់ៗ សម្រាប់មួយថ្ងៃ និងរួមផ្សំជាមួយរបបហូបប្រចាំថ្ងៃ បន្ថែមពីនេះចំណេះដឹង និងសមត្ថភាពទាំងនេះ ជាការពង្រឹងសមត្ថភាពបន្ថែមដល់យោធិន ឲ្យក្លាយជាឧបករណ៍ដ៏រឹងមាំ ក្នុងការចូលរួមរក្សាសន្តិសុខសង្គម។
លោក គង់ វិមាន ជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្ត សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះបងប្អូនយុទ្ធជន ដែលបានខិតខំបំពេញបេសកកម្មបម្រើជាតិមាតុភូមិ ប្រកបដោយ ជោគជ័យត្រចះត្រចង់ ចូលរួមដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍន៍និងសុខសន្តិភាព។
ក្នុងនាមអាជ្ញាធរខេត្ត បានផ្តាំផ្ញើដល់សិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺននេះ ត្រូវគោរពវិន័យ រក្សាសណ្តាប់ធ្នាប់ល្អ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ក្នុងវគ្គរៀនសូត្រ ហើយក្រុមគ្រូបង្រៀនត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព ក្នុងវគ្គបំប៉ននេះ និងខិតខំធ្វើការទំនាក់ទំនងជាមួយប្រទេសជិតខាង ក្នុងការគៀងគររកថវិកា និងសម្ភារ សម្រាប់បំប៉នសមត្ថភាពដល់យុទ្ធជនយើង ប្ញសម្រាប់កសាងហេរដ្ឋាសម្ព័ន្ធផ្សេងៗទៀត។
ក្នុងនោះដែរ លោកបានដាស់តឿនដល់នាយទាហាននិងពលទាហានទាំងអស់ ត្រូវត្រៀមខ្លួនដើម្បីជួយបង្ការគ្រោះធម្មជាតិ ក្នុងការជួយដល់ប្រជាពលរដ្ឋ ត្រូវសហការណ៍គ្នាជាមួយកងកម្លាំងដទៃទៀត ក្នុងការបង្ក្រាបគ្រឿងញៀន ហើយនាយទាហាននិងពលទាហានត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន បើពិនិត្យឃើញថាមានផ្ទុកសារធាតុញៀន ត្រូវបណ្តេញចេញពីអង្គភាពជាបន្ទាន់ ត្រូវគោរពច្បាប់ចរាចរណ៍ ដោយចេះយោគយល់អធ្យាស្រ័យ ក្នុងពេលបើកបរ ត្រូវសហការណ៍ផ្ទៃក្នុងឲ្យបានល្អ។
ចុងក្រោយ លោក ជា ម៉ន បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ តាមក្បួនយុទ្ធសាស្ត្រ ដោយស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ កាត់បន្ថយការបង្ហូរឈាមលើសមរភូមិប្រយុទ្ធ និងចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕