(កំពង់ស្ពឺ)៖ ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន និងជាអនុប្រធានចុះជួយស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លោកបណ្ឌិត អ៊ុក កោសា បានថ្លែងចំៗ ដល់បក្សប្រឆាំងថា មនុស្សមិនអាចភូតភរ ឬកុហក់គេបានមួយជីវិតនោះទេ ហើយមិនអាចនិយាយបោកប្រាស់ចំពោះរាស្រ្តខ្លួនឯង ក៏ដូចជាការនិយាយមើលងាយជាតិសាស្ត្រឯងប្រាប់បទេស ដើម្បីតែសន្លឹកឆ្នោត និងដើម្បីជំនួយយកស៊ីចាយនោះដែរ។
ការលើកឡើងនេះ ធ្វើឡើងរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ដែលមានសមាជិកបក្សប្រជាជន ១,១២០នាក់ មកពីឃុំក្សេមក្សាន្ត ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ វត្តមានក្នុងឱកាសនោះ មានលោក លី សុន ប្រធានក្រុមការងារចុះជួយស្រុក លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ។
លោកបណ្ឌិត អ៊ុក កោសា បានលើកឡើងបន្ថែមពីទង្វើរបស់មេបក្សប្រឆាំងថា ដើរនិយាយភូតភរបរិកេរ្តិ៍ជាតិសាស្រ្តឯង ទៅឲ្យបរទេសស្តាប់ នេះបានបង្ហាញថា លោកមេបក្សនោះ មានចេតនាបន្ទាបបន្ថោកខ្មែរខ្លួនឯងបាត់ទៅហើយ។ ដូចនេះ គាត់និយាយដើម្បីតែលុយ និងចង់កាន់អំណាចតែប៉ុណ្ណោះ ហើយជាញឹកញាប់មេបក្សសង្គ្រោះជាតិនេះ តែងតែនិយាយថាគណបក្សប្រជាជនស្រឡាញ់អំណាច បើនិយាយដូច្នេះ ក៏មានន័យមើលងាយចំពោះសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋបាត់ហើយ កាលណាបក្សណាឈ្នះឆ្នោត បក្សនោះគេមានសិទ្ធិជ្រើសរើសក្បាលម៉ាស៊ីន ដឹកនាំដែលគេគិតថាទុកចិត្តបាន និយាយបែបនេះ គឺចង់បញ្ជាក់ថាអ្នកឈ្នះ គឺមានសិទ្ធិដឹកនាំប្រទេស។
ការដើរឃោសនាពីរឿងភូតកុហក់ជាច្រើន ដែលស្ទើមិនអាចទទួលយកបានមួយចំនួន គេង្កេតឃើញធ្វើឡើងតែនៅបរទេស ពីព្រោះបងប្អូននៅទីនោះមិនបានស្គាល់ស្រុកខ្មែរច្បាស់លាស់ ហើយម៉្យាងទៀតឲ្យគេមានចិត្តចង់ផ្តល់លុយក្រោមលេសថា មកជួយស្រុកខ្មែរ តែតាមពិតលុយដែលបានមកមេបក្សសង្គ្រោះជាតិចែកគ្នាបំផ្លាញតាមជំនាញគ្មានសល់ ដល់ពេលជិតបោះឆ្នោតទើបទៅភូតកុហក់ ដើម្បីបានលុយមកទៀត តែទោះជាយ៉ាងបងប្អូននៅក្រៅប្រទេសបានដឹង និងឈប់ឲ្យលុយក្រុមនេះទៀតហើយ។
លោកបណ្ឌិតបញ្ជាក់ថា នយោបាយក្រៅប្រទេសរបស់បក្សសង្គ្រោះជាតិ ដូចជាអស់ឥទ្ធិពលហើយ ហាក់បាត់បង់ជំនឿស្ទើគ្រប់កន្លែង ដោយមិនអាចរៃអង្គាសលុយយកមកស៊ីចាយបាន ដូចមុនទៀតទេ នេះហើយដែលគេថាភូតច្រើនចាញ់អាត្មានោះ៕