(បាត់ដំបង)៖ ប្រធានគណៈពង្រឹងឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង លោក សែម ស៊ីណង បានអះអាងថា បើបក្សប្រឆាំងចង់ឈ្នះឆ្នោត គឺត្រូវបម្រើ ត្រូវធ្វើអំពើល្អដល់ប្រជាជន និងកសាងសមិទ្ធផលនៅតាមមូលដ្ឋាន ឲ្យបានច្រើនជាងគណបក្សប្រជាជនកម្ពុជាជាមុនសិន ហើយកុំភូតកុហកពួកគាត់ទៀត។ លោកថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលស្រ្តីសម្រាលកូន គ្រួសារអ្នកមរណៈ ជនពិការ ក្នុងឃុំនរាស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានអ្នកចូលរួម ជាង៣០០នាក់ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

លោកបានសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា បានរស់រានមានជីវិត និងមានការអភិវឌ្ឍរីកចម្រើនដល់សព្វថ្ងៃ គឺបានដោយសារថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា បានលះបង់សាច់ស្រស់ឈាមស្រស់ យកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសជាតិពីរបបអាវខ្មៅប៉ុល ពត តាំងពីបាតដៃទទេ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ មក។

លោកប្រធានបានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានបម្រើរាស្រ្តពិតប្រាកដ ដោយបានខិតខំកសាងផង ការពារផង មិនឲ្យរបបប្រល័យពូជសាសន៍ វិលមកជាលើកទី២បានឡើយ ហើយបានស្វែងរកសុខសន្តិភាព បង្រួបបង្រួមខ្មែរតែមួយ មានសន្តិភាពពេញលេញពិតប្រាកដ បន្តកសាងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ទាំងនៅទីក្រុង និងជនបទ។ សមិទ្ធផលទាំងអស់នេះហើយ គឺបានដោយសារគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយដឹកនាំបានត្រឹមត្រូវ ទើបមានការគាំទ្រពីប្រជាពលរដ្ឋដល់សព្វថ្ងៃ។

ចំណែកបក្សប្រឆាំងវិញ បានធ្វើអ្វីខ្លះក្រៅពីការញុះញង់ បង្កអសន្តិសុខក្នុងសង្គម ចង់ផ្តួលទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌។ បើបក្សប្រឆាំងចង់ឈ្នះឆ្នោតនោះ គឺត្រូវបម្រើរាស្រ្ត ធ្វើអំពើល្អដល់រាស្រ្ត និងកសាងសមិទ្ធផលនៅតាមមូលដ្ឋាន ឲ្យបានច្រើនជាង CPP ជាមុនសិន ហើយកុំភូតកុហក់ពលរដ្ឋ ដើម្បីមហិច្ឆតាផលប្រយោជន៍បក្សខ្លួនទៀត ចាំយល់សប្តិឈ្នះឆ្នោតបាន។

បន្ទាប់ពីសំណេះសំណាលហើយ ប្រធានក្រុមការងារក៏បានប្រកាសទទួលស្គាល់យុវជនរបស់ CPP សម្រាប់បន្តវេណជាទំពាំងស្នងឫស្សីទៅថ្ងៃក្រោយ។ នាឱកាសនោះប្រធានក្រុមការងារ ក៏បានផ្តល់វត្ថុកំដរដៃជូនអ្នកមកចូលរួមក្នុងម្នាក់ បានសារ៉ុងមួយ៕