(ភ្នំពេញ)៖ ក្រុមជើងខ្លាំងបាល់ទះវីសាខា បានគ្រងតំណែងជើងឯក ពានរង្វាន់ LEO Cup International Volleyball 2017 លើកទី១ ក្រោយពីយកឈ្នះ លើក្រុមជើងខ្លាំងបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ក្នុងលទ្ធផលបច្ចេកទេស៣សិតទល់០ គឺ ២៥-២០, ២៥-១៨ និង២៥-២០ ចំពោះលទ្ធផលនេះ ធ្វើឲ្យក្រុមជើងខ្លាំងបាល់ទះកងពលធំអន្តរាគមន៍លេខ៣ បានត្រឹមជើងឯករងតែម្តង។
ក្នុងឱកាសបិទព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទះពានរង្វាន់ LEO Cup International Volleyball 2017 ដោយមានការចូលរួមប្រគល់ជ័យលាភ ដល់កីឡាករពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ នៅវគ្គផ្តាច់ព្រ័ត្រដោយការប្រកួត នៅក្នុងវិមាននៃពហុកីឡាដ្ឋានជាតិ ក្រោមការសហការ រវាងប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា និងក្រុមហ៊ុនស្រាប្រៀរ LEO ។
ចំពោះក្រុមបាល់ទះ Vinh Long (វៀតណាម) ឈ្នះក្រុមបាល់ទះខេត្តកំពង់ចាម ក្នុងលទ្ធផល ២១-២៥, ២៣-២៥,១៥-២៥,១៩-២៥ និង១២-១៥ ដណ្តើមយកលេខ៣ ចំណែកក្រុមបាល់ទះខេត្តកំពង់ចាម បានត្រឹមលេខ៤។
ការប្រកួតនេះមានចៅក្រម អន្តរជាតិមកពីម៉ាឡេស៊ី ចំនួន២រូប និងមកពីប្រទេសហ្វីលីពីន ១រូប សម្រាប់ក្រុម ដែលដណ្ដើមបានជើងឯកបានទទួលពានជើងឯក១និង ថវិកា១០.០០០ដុល្លារ ជើងឯករង បាន៤.០០០ ដុល្លារ លេខ៣បាន ២.០០០ដុល្លារ និង លេខ៤បានរង្វាន់លួងចិត្ត១.០០០ដុល្លារ។
ការប្រកួតចែកចេញជា២ពូលដោយមួយពូលៗមាន៤ក្រុម ចំពោះពូល «A» មានក្រុមបាល់ទះ Sunway (ឡាវ) ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ក្រុមបាល់ទះវិសាខា និងក្រុមបាល់ទះមហាផ្ទៃ ហើយពូល «B» មានក្រុមបាល់ទះ Kasetsart (ថៃ) ក្រុមបាល់ទះ Vinh Long (វៀតណាម) ក្រុមបាល់ទះខេត្តកំពង់ចាម និងក្រុមបាល់ទះកងពលតូចអន្តរាគមន៍លេខ៩៕