(ភ្នំពេញ)៖ ​ការប្រកួត​កីឡាបាល់ទះពានរង្វាន់ LEO Cup International Volleyball 2017 នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០១៧នេះ ក្រុមជើងខ្លាំងបាល់ទះវីសាខា បានឈានជើងចូលវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមនេះ បានយកឈ្នះលើក្រុមបាល់ទះ Vinh Long (វៀតណាម) ដោយលទ្ធផល៣ទល់១ ២២-២៥, ២៥-១៧ ,២៥-១៨ និង២៥-២០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលការប្រកួតនៅក្នុងវិមាននៃពហុកីឡាដ្ឋានជាតិ ក្រោមការសហការ​រវាងប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា និងក្រុមហ៊ុនស្រាប្រៀរ LEO​។

សម្រាប់មួយប្រកួតទៀត គឺក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ​បានយកឈ្នះលើក្រុមបាល់ទះខេត្តកំពង់ចាម ក្នុងបច្ចេកទេសលទ្ធផល៣ទល់០ ២៥-១៨,២៦-២៤ និង២៥-១៩ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ ដូច្នេះក្រុមបាល់ទះវីសាខា និងក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ត្រូវប៉ះនៅផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមតំណែងគ្រងម្ចាស់ពានរង្វាន់ LEO Cup International Volleyball 2017 ចំពោះក្រុមបាល់ទះ Vinh Long (វៀតណាម) ជួបក្រុមបាល់ទះខេត្តកំពង់ចាម ដណ្តើមយកលេខ៣ និងលេខ៤។

​ការប្រកួតនេះមានចៅក្រម អន្តរជាតិមកពីម៉ាឡេស៊ី ចំនួន២រូប និងមកពីប្រទេសហ្វីលីពីន ១​រូប ​សម្រាប់ក្រុម ដែលដណ្ដើមបានជើងឯកបានទទួលពានជើងឯក​១​និង ថវិកា​១០.០០០ដុល្លារ ជើងឯករង បាន៤.០០០ ដុល្លារ លេខ​៣បាន ២.០០០ដុល្លារ និង លេខ៤បានរង្វាន់លួងចិត្ត១.០០០ដុល្លារ​។

ការប្រកួតចែកចេញជា២ពូលដោយមួយពូលៗមាន៤ក្រុម ចំពោះពូល ​«A» មានក្រុមបាល់ទះ Sunway (ឡាវ) ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ក្រុមបាល់ទះវិសាខា និងក្រុមបាល់ទះមហាផ្ទៃ ហើយពូល «B» មានក្រុមបាល់ទះ Kasetsart (ថៃ) ក្រុមបាល់ទះ Vinh Long (វៀតណាម) ក្រុមបាល់ទះខេត្តកំពង់ចាម និងក្រុមបាល់ទះកងពលតូចអន្តរាគមន៍លេខ៩៕