(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់ LEO Cup International Volleyball 2017 នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ រកឃើញក្រុមជើងខ្លាំង៤ក្រុម ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលការប្រកួតនៅ ក្នុងវិមាននៃពហុកីឡាដ្ឋានជាតិ ក្រោមការសហការ រវាងប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា និងក្រុមហ៊ុនស្រាប្រៀរ LEO។
សម្រាប់ពូល «B» ក្រុមបាល់ទះ Kasetsart (ថៃ) ឈ្នះក្រុមបាល់ទះខេត្តកំពង់ចាម ដោយលទ្ធផល៣ទល់២ គឺ ២៦-២៤, ២៥-២៧ ,១៤-២៥ ,២៥-១៩ និង១៥-១២ ចំណែកក្រុមបាល់ទះកងពលតូចអន្តរាគមន៍លេខ ៩ចាញ់ក្រុមបាល់ទះ Vinh Long (វៀតណាម) លទ្ធផល១ទល់៣ គឺ ១៦-២៥, ២៥-១៩ ,១២-២៥ និង១៦-២៥ ក្នុងពូលនេះក្រុមបាល់ទះខេត្តកំពង់ចាម និង ក្រុម បាល់ទះ Vinh Long (វៀតណាម)ឡើងវគ្គបន្ត។ រីឯក្រុមបាល់ទះ Kasetsart (ថៃ) និងក្រុមបាល់ទះកង ពលតូចអន្តរាគមន៍លេខ៩ ត្រូវហាលអាវតែម្តងចំពោះពូល «A» ក្រុមបាល់ទះវិសាខា បានយកឈ្នះក្រុមបាល់ទះក្រសួងមហាផ្ទៃលទ្ធផល ៣ទល់២ ២២-២៥, ២៥-២០ ,១១-២៥ ,២៥-២៣ និង១៥-១០ ដូច្នេះក្រុមបាល់ទះវិសាខា និងក្រុមបាល់ទះ កងពលធំអន្តរាគមន៍លេខ៣ ដឹកដៃគ្នាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្រុមបាល់ទះ Skynway (ឡាវ) ក្រុមបាល់ទះក្រសួងមហាផ្ទៃ ទំាង២ក្រុមហាលអាវដូចគ្នា។
ការប្រកួតនេះមានចៅក្រម អន្តរជាតិមកពីម៉ាឡេស៊ី ចំនួន២រូប និងមកពីប្រទេសហ្វីលីពីន ១រូប សម្រាប់ក្រុម ដែលដណ្ដើមបានជើងឯកបានទទួលពានជើងឯក១និង ថវិកា១០.០០០ដុល្លារ ជើងឯករង បាន៤.០០០ ដុល្លារ លេខ៣បាន ២.០០០ដុល្លារ និង លេខ៤បានរង្វាន់លួងចិត្ត១.០០០ដុល្លារ។
ការប្រកួតចែកចេញជា២ពូលដោយមួយពូលៗមាន៤ក្រុម ចំពោះពូល «A» មានក្រុមបាល់ទះ Sunway (ឡាវ) ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ក្រុមបាល់ទះវិសាខា និងក្រុមបាល់ទះមហាផ្ទៃ ហើយពូល «B» មានក្រុមបាល់ទះ Kasetsart (ថៃ) ក្រុមបាល់ទះ Vinh Long (វៀតណាម) ក្រុមបាល់ទះខេត្តកំពង់ចាម និងក្រុមបាល់ទះកងពលតូចអន្តរាគមន៍លេខ៩៕