(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះ ពានរង្វាន់ LEO Cup International Volleyball 2017 នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៧នេះ ក្រុមជើងខ្លាំងក្រុមបាល់ទះវិសាខា បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ បន្ទាប់ពីក្រុមនេះបានយកឈ្នះលើក្រុមបាល់ទះ Sunway (ឡាវ) ដោយលទ្ធផល៣ទល់០ ២៥-១៥, ២៥-១៩ និង២៥-១៨ ពូល «A» ដែលការប្រកួតនៅក្នុងវិមាន នៃពហុកីឡាដ្ឋានជាតិ ក្រោមការសហការ រវាងប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា និងក្រុមហ៊ុនស្រាប្រៀរ LEO ។
សម្រាប់មួយប្រកួតទៀតនៅពូល «A»ដដែល ក្រុមបាល់ទះក្រសួងមហាផ្ទៃបានចាញ់ ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល០ទល់៣ គឺ២៣-២៥, ១៩-២៥ និង២៣-២៥ ចំណែកពូល «B» ក្រុមបាល់ទះខេត្តកំពង់ចាម យកឈ្នះលើចាញ់ក្រុមបាល់ទះកងពលតូចអន្តរាគមន៍លេខ ៩ លទ្ធផល៣ទល់០ ២៥-២២,២៥-១៦ និង២៥-១៧។
ការប្រកួតនេះមានចៅក្រម អន្តរជាតិមកពីម៉ាឡេស៊ី ចំនួន២រូប និងមកពីប្រទេសហ្វីលីពីន ១រូប សម្រាប់ក្រុម ដែលដណ្ដើមបានជើងឯកបានទទួលពានជើងឯក១និង ថវិកា១០.០០០ដុល្លារ ជើងឯករង បាន៤.០០០ ដុល្លារ លេខ៣បាន ២.០០០ដុល្លារ និង លេខ៤បានរង្វាន់លួងចិត្ត១.០០០ដុល្លារ។
ការប្រកួតចែកចេញជា២ពូលដោយមួយពូលៗមាន៤ក្រុម ចំពោះពូល «A» មានក្រុមបាល់ទះ Sunway (ឡាវ) ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ក្រុមបាល់ទះវិសាខា និងក្រុមបាល់ទះមហាផ្ទៃ ហើយពូល «B» មានក្រុមបាល់ទះ Kasetsart (ថៃ) ក្រុមបាល់ទះ Vinh Long (វៀតណាម) ក្រុមបាល់ទះខេត្តកំពង់ចាម និងក្រុមបាល់ទះកងពលតូចអន្តរាគមន៍លេខ៩៕