(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ បានគាំទ្រដល់សារនយោបាយរបស់ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃអាទិត្យ ដែលព្រមានចាត់វិធានការលើអ្នកប្រឆាំងនឹងលទ្ធផលបោះឆ្នោត នាពេលខាងមុខ។
លោកនាយឧត្តមសេនីយ៍ បានអះអាងប្រាប់ Fresh News នៅព្រឹកថ្ងៃអង្គារនេះថា សាររបស់លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ មិនមែនជាការគំរាមកំហែងនោះទេ ប៉ុន្តែគឺជាការដាស់តឿន ដល់ពួកជ្រុលនិយម ដែលតែងបង្ករំខាន់ដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋ តាមរយៈការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដូចបទពិសោធន៍នាពេលកន្លងទៅ។
លោក ឈុំ សុជាតិ បានថ្លែងយ៉ាងដូច្នេះថា «ការលើកឡើងរបស់ ឯកឧត្តម ទៀ បាញ់ មិនមែនជាការគំរាមកំហែងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ជាការដាស់តឿនពួកជ្រុលនិយម ដែលមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ហើយបង្កអសន្តិសុខតាមផ្លូវសាធារណៈ រំខានដល់ប្រជាពលរដ្ឋ»។
លោកបានបន្ថែមថា ការតវ៉ា ការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដូចកាលពីអាណត្តិទី៥ ឆ្នាំ២០១៣ របស់គណបក្សប្រឆាំង គឺជាការបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ បង្កអសន្តិសុខសង្គម និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាពរបស់កម្ពុជាសព្វថ្ងៃនេះ។
សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលរដ្ឋបាល មន្ទីរ សាលាខេត្ដសៀមរាប កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ បានចេញសារនយោបាយមួយ ព្រមានបង្រ្កាបយ៉ាងចាស់ដៃ ប្រសិនបើមានការតវ៉ា មិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដូចកាលពីអាណត្តិមុនទៀត។
លោក ទៀ បាញ់ បានថ្លែងថា «ពេលដែលបោះឆ្នោតចាញ់ហើយ គឺមិនព្រមចាញ់ទេ ចេញមកព្រោងព្រាតមកទាមទារនេះ ទាមទារនោះ ដាក់បែកធ្មេញឥឡូវហើយ លើកនេះមិនទុកទេ»៕