(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់ LEO Cup International Volleyball 2017 នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៧ ជាថ្ងៃបើកឆាកដំបូងនេះ ក្រុមជើងខ្លាំង៣ក្រុម រក៣ពិន្ទុដូចគ្នាមុខគេ ដែលការប្រកួត នៅក្នុងវិមាននៃពហុកីឡាដ្ឋានជាតិ ក្រោមការសហការ រវាងប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា និងក្រុមហ៊ុន ស្រាបៀរ LEO។
សម្រាប់ពូល «A» ក្រុមបាល់ទះ Sunway (ឡាវ) ចាញ់ក្រុមបាល់ទះក្រសួងមហាផ្ទៃ ដោយលទ្ធផល៣ទល់០ ១៦-២៥, ១២-២៥ និង១១-២៥ រីឯក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ក៏បានចាញ់ក្រុមបាល់ទះវិសាខា ក្នុងលទ្ធផល៣ទល់១ គឺ១៥-២៥, ២៥-១៦, ១៥-២៥ និង ២៥-២៧) ចំណែកពូល «B» ក្រុមបាល់ទះ Kasetsart (ថៃ)ក៏ចាញ់ក្រុមបាល់ទះ Vinh Long (វៀតណាម)ដែលលទ្ធផល៣ទល់១ ១៣-២៥,២៥-១៥, ១៩-២៥, ២៣-២៥។
ការប្រកួតនេះមានចៅក្រម អន្តរជាតិមកពីម៉ាឡេស៊ី ចំនួន២រូប និងមកពីប្រទេសហ្វីលីពីន ១រូប សម្រាប់ក្រុម ដែលដណ្ដើមបានជើងឯកបានទទួលពានជើងឯក១និង ថវិកា១០.០០០ដុល្លារ ជើងឯករង បាន៤.០០០ ដុល្លារ លេខ៣បាន ២.០០០ដុល្លារ និង លេខ៤បានរង្វាន់លួងចិត្ត១.០០០ដុល្លារ។
ការប្រកួតចែកចេញជា២ពូលដោយមួយពូលៗមាន៤ក្រុម ចំពោះពូល «A» មានក្រុមបាល់ទះ Sunway (ឡាវ) ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ក្រុមបាល់ទះវិសាខា និងក្រុមបាល់ទះមហាផ្ទៃ ហើយពូល «B» មានក្រុមបាល់ទះ Kasetsart (ថៃ) ក្រុមបាល់ទះ Vinh Long (វៀតណាម) ក្រុមបាល់ទះខេត្តកំពង់ចាម និងក្រុមបាល់ទះកងពលតូចអន្តរាគមន៍លេខ៩៕