(បាត់ដំបង)៖ កម្លាំងសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនក្រុមអ្នកផឹកស្រាស្រវឹងយកដុំថ្មគប់ឡានគេតាមផ្លូវចំនួន៣នាក់ បញ្ជូនមកស្នងការខេត្ត កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ នាវេលាម៉ោង០០និង១០នាទី នៅចំណុចលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុង ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

 លោក ឈឿង គឹមសុង មេក្រុមបង្ការបង្ក្រាបបទល្មើស បានថ្លែងថា កម្លាំងរបស់លោកបានដើរល្បាត​ពេលយប់ក៏ប្រទះឃើញហេតុការណ៍នេះ ក្រុមក្មេងទំនើងផឹកស្រាស្រវឹងយកដុំថ្មទៅគប់ឡានអ្នកធ្វើដំណើរលើដងផ្លូវ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់នៅកន្លែងតែម្តង ដែលពាក់ពន្ធ័ករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ (ស្រវឹងស្រាយកដុំថ្មគប់រថយន្តដែលបើកបរនៅតាមផ្លូវសាធារណៈ)។

លោក ឈឿង គឹមសុង បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ដែលបានឃាត់ខ្លួននោះមាន
ទី១៖ ឈ្មោះ យៀង លីហូវ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិហៃសាន្ត ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
(ជាអ្នកធ្វើសកម្មភាពគប់រថយន្ត), ទី២៖ ឈ្មោះ ជា រត្ននី ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូរដំបង២ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង (ជាបក្សពួកផ្សំគំនិត), ទី៣៖ ឈ្មោះ ប៊ិន ផានិត ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិអូរដំបង២ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង, (ជាបក្សពួកផ្សំគំនិត)។

ក្រោយពីឃាត់ខ្លួនក្រុមក្មេងទំនើង និងធ្វើការសាកសួរក៏បានប្រគល់ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕