(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន បានបើកកិច្ចប្រជុំមួយជាមួយ ឈ្មួញ អ្នកប្រកបរបរចិញ្ចឹមជ្រូក និង នាំចូលជ្រូកមកលក់នៅលើទីផ្សារកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម។
សូមបញ្ជាក់ថា សមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា នាថ្មីៗនេះ បានស្នើឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងក្រសួងពាក់ព័ន្ធ ទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសជិតខាង ខណៈដែលសមាគមមួយនេះរកឃើញថា ជ្រូកដែលនាំចូលរាល់ថ្ងៃចូលមកប្រទេសកម្ពុជា លើសពីគោលការកំណត់របស់ក្រសួងកសិកម្ម ដោយកំណត់ត្រឹម១២៥០ក្បាលក្នុង១ថ្ងៃ។
លោក ស្រ៊ុន ពៅ ប្រធានស្តីទីសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានឱ្យដឹងថា ការនាំចូលលើសចំនួនកំណត់ និងមិនមានឯកសារគ្រប់គ្រាន់ នេះធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងធ្វើឲ្យតម្លៃជ្រូកសាច់ក្នុងស្រុកធ្លាក់ចុះយ៉ាងគំហុក ដែលបានធ្វើឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្មខ្នាតធំ មធ្យម និងតូច របស់ប្រជាកសិករដែលអាស្រ័យ ផលលើការចិញ្ចឹមជ្រូក៕