(ស្វាយរៀង)៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ខណៈកំពុងជួបសំណេះសំណាលជាមួយបេក្ខជនពេញសិទ្ធិ និងបម្រុង ព្រមទាំងសាខាបក្សភូមិនៅឃុំស្វាយតាយាន នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ បានណែនាំសមាជិកបក្សទាំងអស់ ត្រូវបន្តកៀរគរសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ពិសេសនៅមូលដ្ឋានតែម្ដង។
លោកបានសង្កត់ធ្ងន់ថា ដើម្បីគាំទ្រឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសកម្ពុជាបានតទៅទៀត គឺត្រូវតែមានការគាំទ្រពីសមាជិកនីមួយៗ ពោលសមាជិកបក្សប្រជាជនម្នាក់ ត្រូវតែជាសន្លឹកឆ្នោតគាំទ្រមួយផងដែរ។
ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ហើយនាឱកាសនោះ លោក ជា បូរ៉ា និងក្រុមការងារក៏បាននាំយកសម្លៀកបំពាក់ និងមួកសម្រាប់ប្រជាការពារ ចែកជូនប្រជាការពារភូមិទាំង១០ នៃឃុំស្វាយតាយាន ចំនួន៧៧ឈុត ព្រមទាំងអាវ និងមួកគណបក្សចំនួន ៥០០ឈុត ចែកជូនសមាជិកគណបក្សផងដែរ។
លោកបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឈានទៅរកភាពរីកចម្រើនរុងរឿង ប្រកបដោយសុខដុមនីយកម្ម ជាមួយនឹងសមិទ្ធផលដ៏ល្អប្រសើរលើគ្រប់វិស័យ ដូចជា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ជាមួយគ្នានេះ លោកក៏បាន សំណូមពរដល់លោក លោកស្រីជាថ្នាក់ដឹកនាំគណបក្សឃុំ និងបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង ដែលនឹងត្រូវចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីគណបក្សប្រជាជនទាំងអស់ ត្រូវបន្តផ្សព្វផ្សាយ និងបញ្ជ្រាបពីគោលនយោបាយសំខាន់ៗ សម្រាប់អភិវឌ្ឍឃុំ-សង្កាត់ ឆ្នាំ២០១៧-២០២២ របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលល ដល់ក្រុមគ្រួសារ និងសមាជិកបក្ស។
លោកប្រធានបានណែនាំឲ្យសមាជិកបក្សប្រជាជនកម្ពុជា នៅឃុំស្វាយតាយាន ត្រូវប្រមូលផ្ដុំការយកចិត្តទុកដាក់ទៅលើសមាជិកបក្ស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ធ្វើយ៉ាងណាប្រាកដថា ពួកគាត់ម្នាក់ៗគឺជាសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាពិត និងធានាថា សមាជិកបក្សម្នាក់ គឺជាសំឡេងឆ្នោតគាំទ្រ១សន្លឹក៕