(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ លោក អ៉ឹម សួស្តី អតីតប្រធាន គ.ជ.ប ត្រូវបានសភា បោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ ជំនួសលោក ពិត តាំងសាន ដែលទើបតែទទួលមរណភាព កាលពីពេលថ្មីៗនេះ។
លោក អ៊ឹម សួស្តី ត្រូវបានរដ្ឋសភាគាំទ្រឱ្យជំនួសលោក ពិត តាំងសាន ក្នុងសំឡេងគាំទ្រដាច់ខាត ៥០បូក១ ក្នុងអង្គប្រជុំពេញអង្គនៃរដ្ឋសភា។
សូមបញ្ជាក់ថា ការបោះឆ្នោតនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គ លើកទី០៨ នីតិកាលទី៥ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។
របៀបវារៈសំខាន់ៗដែលនឹងលើកទៅប្រជុំពេញអង្គនោះ រួមមាន៖
១៖ សំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការទូទាត់របស់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុន អាឡិច ខបភើរេសិន។
២៖ សំណើសុំអនុម័ត នូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុន ខេមបូឌាន អេនីជីII ឯ.ក។
៣៖ ការពិនិត្យលើរបាយការណ៍នៃការទទួលពាក្យបេក្ខជនចំនួន០១រូប សុំឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជ្រើសរើសតាំងដោយរដ្ឋសភានីតិកាលទី៥ ជំនួសសមាជិកក្រុមប្រឹក្សាធម្មនុញ្ញា ១រូប ដែលទទួលមរណៈភាពជាដើម៕