(ព្រះសីហនុ)៖ ដើម្បីពង្រឹងកម្លាំងគណៈចលនាសាសនិកស្លាម CPP ក្នុងការគៀងគរកម្លាំង ពីមហាជនឲ្យគាំទ្រក្នុងការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ ដែលនៅសល់ជាងកន្លះខែទៀតនោះ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមCPP បានបញ្ជាក់ថា លេខរៀងរបស់CPP ខុសគ្នានៅឃុំ សង្កាត់និមួយៗ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ តែកុំភ្លេចថា ស្លាកសញ្ញាដែលមានរូបទេវតាបាចផ្កា នៅតែជាសញ្ញារបស់គណបក្សប្រជាជនកម្ពុជា។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ក្នុងឱកាសដែលលោក សំណេះសំណាលប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក សមាជិក គណៈចលនាសាសនិកឥស្លាម ខេត្តព្រះសីហនុ នៅទីតាំងវិហារឥស្លាមភូមិបន្ទាយព្រៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការចូលរួមជាសហអធិបតី ដោយលោក ជាម ហ៊ីម សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ CPP ខេត្តព្រះសីហនុ និងសមាជិក៣៣០នាក់។
លោក អូស្មាន ហាស្សាន់ ក៏បានជម្រាបដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជន គណៈចលនាសាសនិកឥស្លាម CPP ទូទាំងខេត្តព្រះសីហនុ ឲ្យជួយរំលឹកមហាជនទូទៅ ស្តីពីកាលបរិច្ឆេទកំណត់ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ និយាយរួមនៅសល់តែ២០ថ្ងៃទៀតប៉ុណ្ណោះ។ ដូច្នេះត្រូវតឿនរំលឹកពលរដ្ឋឲ្យបានជ្រាប និងត្រៀមខ្លួនសម្រាប់ថ្ងៃនោះ បើមាន គម្រោងណាមួយនៅថ្ងៃនោះ ចាំបាច់ត្រូវរំសាយ និងលើកពេលធ្វើយ៉ាងណាឲ្យខ្លួនបានទៅបំពេញតួនាទីជាពលរដ្ឋ ដើម្បីបោះឆ្នោតជ្រើសរើសមេដឹកនាំ ក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រោះក្រុមប្រឹក្សា គឺជាអង្គបោះឆ្នោត ដែលឈានដល់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង នឹងបោះឆ្នោតព្រឹទ្ធសភា។
នៅចំពោះមុខសកម្មជន សមាជិក សមាជិការ គណៈចលនាសាសនិកឥស្លាម CPP ខេត្តព្រះសីហនុ លោក អូស្មាន ហាស្សាន់ បានសម្តែងសុទិដ្ឋិនិយម ចំពោះលទ្ធផលបោះឆ្នោតសភាអាណត្តិទី៥ ដែលសាសនិកឥស្លាមទូទាំងប្រទេស សម្រេចបានសម្លេងគាំទ្រគណបក្សប្រជាជន យ៉ាងច្រើនលើសលប់ជាប់លំដាប់ថ្នាក់លេខ១ ទូទាំងប្រទេស ចំណែកសម្លេងឆ្នោត CPP ពីសាសនិកឥស្លាមទូទាំងខេត្តព្រះសីហនុ ក៏ទទួលបានសម្លេងយ៉ាងច្រើន គិតជាមធ្យមទូទាំងប្រទេស គឺជាប់៧៤ភាគរយ ដែលជាប់លំដាប់ថ្នាក់លេខ៨ បើប្រៀបនឹងខេត្តផ្សេងៗ ទូទាំងប្រទេសដែលមានសម្លេងខ្មែរឥស្លាម បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា៕