(ភ្នំពេញ)៖ លោក អេ ភូថង គ្រូបង្វឹកកីឡាប្រដាល់ជម្រើសជាតិកម្ពុជា ដែលត្រូវបានអ្នកគាំទ្រចាត់ទុកជាអតីតកំពូលអ្នកប្រដាល់គុនខ្មែរកាលពីជាង ១០ឆ្នាំមុន បានប្រកាសឡើងសង្វៀនជាថ្មី នាថ្ងៃទី០៤ ខែខែមិថុនាខាងមុខដើម្បីយកតម្លៃខ្លួន បរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីសាមីខ្លួន នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។
ដំណឹងគួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានប្រកាសក្រោយពេលលោក អេ ភូថង បោះបង់សង្វៀនប្រដាល់ក្នុងនាមកីឡាករអាជីពអស់រយៈពេលជិត ១០ឆ្នាំកន្លងទៅ ។ ប៉ុន្ដែដោយសារការមើលឃើញពីទុក្ខលំបាករបស់កុមារក្រីក្រទូទាំងប្រទេស ពិសេសគឺប្អូនថ្លៃរបស់ខ្លួន ដែលមានកូនតូចៗ ២នាក់ តែគ្មានលទ្ធភាព ហើយសម្រុកទៅព្យាបាលដោយឥតគិតថ្លៃក្នុងមន្ទីរពេទ្យគន្ធបុប្ឋា ទើបលោកមានគំនិតឡើងសង្វៀនជាថ្មី ដោយណាត់កីឡាករថៃ ប្រកួតលើប្រភេទទម្ងន់ ៩០គីឡូក្រាម ដើម្បីយកប្រាក់ជាតម្លៃខ្លួន បរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ។ តែលោកក៏បានអំពាវនាវដល់សប្បុរសជនចូលរួមជួយក្នុងការប្រកួតលក្ខណៈមនុស្សធម៌នេះផងដែរ ។
លោក អេ ភូថង បាននិយាយថា «បំណងឡើងវ៉ៃយកតម្លៃខ្លួនជួយគន្ធបុប្ឋា គឺខ្ញុំគិតតាំងពីយូមកហើយ គ្រាន់តែខ្ញុំគ្មានឱកាស...។ ក្រោយមានទំនាក់ទំនងសម្ភាសន៍ជាមួយបុគ្គលិកទូរទស្សន៍ PNN ទើបខ្ញុំសម្រេចចិត្តឡើងវ៉ៃ ប៉ុន្ដែខ្ញុំមិនទាន់ដឹងដៃគូប្រកួតនោះទេ តែពេលនេះខាង PNN កំពុងរៀបចំ ។ ខ្ញុំឡើងវ៉ៃនេះ ខ្ញុំមិនយកតម្លៃខ្លួនឡើយ ដោយខ្ញុំនឹងបរិច្ចាគជួយមន្ទីរពេទ្យគន្ធបុប្ឋា ។ ខ្ញុំធ្វើបែបនេះ មិនមែនខ្ញុំមានទេ ប៉ុន្ដែក្រៅពីប្រដាល់ខ្ញុំគ្មានអ្វីអាចជួយដល់ក្មេងៗក្រីក្របានឡើយ អញ្ចឹងខ្ញុំមានតែឡើងប្រកួតយកតម្លៃខ្លួនជួយពួកគេ តាមរយៈ មន្ទីរពេទ្យគន្ធបុប្ឋា ។ ចំពោះអ្នកចង់ចូលរួមជាមួយការងារមនស្សធម៌នេះ ក៏អាចទាក់ទងខាង PNN បានដែរ» ។
គួរបញ្ជាក់ថា អតីតស្ដេចប្រដាល់គុនខ្មែរ ល្បីខាងប្រើកែងឆេះ និងជង្គង់ហោះផ្ដួលគូប្រកួតលោក អេ ភូថង ដែលត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសមាជិកសហព័ន្ធ ផ្ដល់ទំនុកចិត្តធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិ ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ីនាខែសីហាខាងមុខនេះ លោកក៏តែងតែចូលរួមការងារមនុស្សធម៌ជាច្រើនមកហើយដែរ ដូចជាការបរិច្ចាគឈាម និងការជ្រើសរើសក្មេងៗគ្មានទីពឹងមកចញ្ចឹមជាដើម បើទោះបីលោកមានជីវភាពខ្វះខាតក៏ដោយ ។ ប៉ុន្ដែទើបតែមួយរយៈពេលចុងក្រោយនេះប៉ុណ្ណោះ ដែលលោក អេ ភូថង មានជីរភាពរាងគ្រាន់បើជាមុន ដោយសារមានសប្បុរសជនមួយចំនួនជួយដល់អតីតកំពូលអ្នកប្រដាល់មកពីខេត្តកោះកុងរូបនេះ ៕