(ព្រះវិហារ)៖ អាវភ្លៀងដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅចែកជូនដល់នាយ និងពលអាវុធហត្ថទូទាំង ខេត្តព្រះវិហារ នៅទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ប៊ូ គឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ត្រី ប៊ូ គឿន បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ មានភាពកក់ក្តៅ ដោយទទួលបានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភីបាល ពីថ្នាក់ដឹកនាំអង្គភាព ចំពោះសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃ ក្នុងនោះរាជរដ្ឋាភិបាល បានដំឡើងប្រាក់បៀវត្សន៍ ប្រាក់ឧបត្ថម្ភផ្សេងៗ និងប្រាក់ហូបចុកដល់ កងកម្លាំងថែមទៀតផង។
បន្ថែមលើសពីនេះ នៅរដូវវស្សាចូលមកដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចែកអាវភ្លៀងដល់កងម្លាំង ដោយឡែកនៅរដូវរងារ សម្តេចទាំង២ បានចែកអាវរងារឲ្យថែមទៀតផង ដែលទង្វើរនេះ បានធ្វើឲ្យមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ៗរូប មិនអាចបំភ្លេចបាន ចំពោះទឹកចិត្តប្រកបដោយការគិតគូរ យកចិត្តទុកដាក់ខ្ពស់ និងមនោសញ្ចាតនាយ៉ាងជ្រាលជ្រៅ របស់សម្តេចទាំង២។
កងកម្លាំងដែលជានាយ និងពលអាវុធហត្ថខេត្តព្រះវិហារ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អាវភ្លៀងបានទាន់ពេលវេលា ពោលគឺទាន់រដូវនេះជារដូវវស្សា ដែលភ្លៀងតែងធ្លាក់ជាប្រចាំ និងបានប្តេជ្ញាគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិក្រោយៗទៀតផង៕