(ក្រចេះ)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា និងលោក ធុន គ្រី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ បានបន្តចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូខ្មែរឥស្លាម យុវជន ដែកជាសមាជិកាគណៈចនាសាសនិកឥស្លាម មកពី៧០ភូមិ នៃស្រុកចំនួន៥ មានចំនួន៥៨៧នាក់។
ពិធីនេះធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ ដោយមានការប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។
លោក ធុន គ្រី បានប្តេជ្ញាពីការសហការគ្នាល្អ រវាងគណបក្សខេត្ត និងគណបក្សតាមមូលដ្ឋាន ជាមួយគណៈចលនាសាសនិកឥស្លាម ដើម្បីឆ្ពោះទៅកាន់ទិសដៅតែមួយ គឺការកៀរគរសំឡេងគាំទ្រ គណបក្សប្រជាជនកម្ពុជា ពីមហាជនគ្រប់ស្រទាប់ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនៅសល់ពេលតែប៉ុន្មានថ្ងៃខាងមុខទៀត ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ ក៏ដូចជាការពង្រឹងរក្សាសំឡេងចាស់ និងបន្ថែមសំឡេងថ្មីបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅឱកាសបោះឆ្នោតសភា ឆ្នាំ២០១៨។
លោក អូស្មាន ហាស្សាន់ បានឲ្យដឹងថា គណៈចលនាសាសនិកឥស្លាម គឺជាសេនាធិការដែលធ្វើការឲ្យ គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពី ជិត២០ឆ្នាំ គឺតាំងពីឆ្នាំ១៩៩៨ ដែលគណៈចលនាមានថ្នាក់ដឹកនាំ សមាជិក-សមាជិកា សកម្មនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ហើយត្រូវបានកែសម្រួលភារកិច្ច និងតែងតាំងសមាសភាព ជាបន្តបន្ទាប់ ទៅតាមដំណាក់កាល។
គួរបញ្ជាក់ថា នេះជាខេត្តទី១៧ហើយ ដែលថ្នាក់ដឹកនាំ សមាជិក-សមាជិកាថ្នាក់កណ្តាល ចេញយុទ្ធនាការប្រកាសទទួលស្គាល់ និងកែសម្រួលសមាសភាពតាមខេត្ត និងមូលដ្ឋាន ក៏ដូចជាការជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលមានកិច្ចសហការល្អ ជាមួយមន្ទីរគណបក្សរាជធានី និងខេត្តនានា ដែលពិធីប្រកាស និងសណេះសំណាលនានា ត្រូវបានធ្វើឡើង នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ដែលផ្តើមចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់មក ក៏បានបែងចែកថ្នាក់ដឹកនាំ ទទួលខុសត្រូវចុះតាមខេត្តនានា ហើយនឹងបន្តចំនួន៦ខេត្ត ផ្សេងទៀត រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលនឹងបន្តធ្វើការប្រកាសរហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៕