(កំពង់ចាម)៖ សមិទ្ធផលថ្មីក្នុងខេត្តកំពង់ចាម ដែលផ្តល់សារៈប្រយោជន៍ជូនប្រជាជនកម្ពុជា គឺស្ពានឆ្លងទន្លេមេគង្គ ស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ ដែលត្រូវចំណាយថវិកាជិត៥៧លានដុល្លារអាមេរិក សណ្ដូកលើផ្ទៃទន្លេមេគង្គប្រវែងជាង១គីឡូម៉ែត្រ និងទទឹងជាង១៣ម៉ែត្រ បានចាប់ផ្តើមសាងសង់បណ្តើរៗហើយ ខណៈការបើកការដ្ឋានសាងសង់ផ្លូវការ អាចនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ខាងមុខ។

លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះថា ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារមួយខ្សែនេះ នឹងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ ពោលគឺមិនត្រឹមតែប្រជាពលរដ្ឋ ដែលរស់នៅស្រុកក្រូចឆ្មារ និងស្រុកស្ទឹងត្រង់ប៉ុណ្ណោះទេ ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងប្រជាពលរដ្ឋខេត្តដទៃៗតទៀត ក៏អាចធ្វើដំណើរកាត់ស្ពានមួយនេះបានដែរ នៅពេលពួកគាត់ចង់ធ្វើដំណើរ ទៅរាជធានីភ្នំពេញ។

លោកអភិបាលខេត្តបន្តថា នៅពេលស្ពានថ្មីនេះ សាងសង់រួចប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកា ដែលកាលពីមុខប្រជាពលរដ្ឋត្រូវចំណាយថវិកា ដើម្បីជិះសាឡាងកាត់ទន្លេមេគង្គទៅមក ដែលជាហេតុនាំឲ្យមានការលំបាកច្រើន និងមានការយឺតយ៉ាវផងដែរ។

បើតាមលោកអភិបាលខេត្ត ការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ បានចាប់ផ្តើមធ្វើការសាងសង់ជាបណ្តើរៗហើយ ចាប់តាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ប៉ុន្តែចំពោះការបើកការដ្ឋាន ផ្លូវការ នឹងធ្វើនៅពេលខាងមុខ តាមការកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ក្រុមអ្នកយកព័ត៌មាននាពេលថ្មីៗនេះ ដោយបង្ហាញសុទិដ្ឋិនិយមថា សមិទ្ធផលស្ពានមួយនេះ នឹងចូលរួមយ៉ាងសំខាន់ ដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ពានឆ្លងទន្លេងមេគង្គ ពីស្រុកស្ទឹងត្រង់ ទៅស្រុកក្រូចឆ្មារ នឹងជួយឲ្យប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកាន់តែងាយស្រួល។

សូមជម្រាបថា គម្រោងសាងសង់ស្ពាននេះ ត្រូវបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនគ្រប់គ្រង​ការសាងសង់​ ក្វាងចូវ វ៉ានអាន របស់ចិន កាលពីខែតុលា ឆ្នាំ២០១៦។

តាមគម្រោងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ មានបណ្តាយ១១៣១ម៉ែត្រ ទទឹង១៣.៥ម៉ែត្រ ចាប់ផ្តើមសាងសង់ផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០១៧ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២០៕