(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី លី ធុជ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាបន្ត។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកទេសរដ្ឋមន្ត្រី បានជម្រាបដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ អំពីការខិតខំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសកម្ពុជាចាប់ពីចំណុចសូន្យ និងការចរចាបញ្ចប់សង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ រហូតដល់មានការរីកចម្រើន ធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាព និងទំនាក់ទំនងការទូតជាមួយប្រទេសផ្សេងៗ ដោយស្មើភាពគ្នា។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបដល់បងប្អូនអំពីគោលនយោបាយ និងយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺបន្តថែរក្សាសន្តិភាព បន្តអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសរាជរដ្ឋាភិបាល បានខិតខំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានការរីកចម្រើន ទៅតាមកំណើនសេដ្ឋកិច្ចរបស់ជាតិ។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់ ត្រូវមានជំនឿទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ហើយបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕