Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តក្រុមតន្ត្រី «អប្សរាតន្ត្រី» ក្រឡាប់ធ្លាក់ពីលើផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល១២នាក់ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

15-05-2017 16:42

(ត្បូងឃ្មុំ)៖ រថយន្តក្រុមភ្លេងមួយក្រុម បានធ្វើដំណើរចេញពីរោងការ នៅភូមិអំពិល ឃុំប៉ឹស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីត្រឡប់ទៅផ្ទះវិញ ខណៈបើកបរលើផ្លូវក្រាលគ្រោះក្រហម ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ ចំណុចវាលលាចខាងជើង ស្ថិតក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅម៉ោង៤ជិតភ្លឺ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ បានក្រឡាប់ផ្ងារជើងធ្លាក់ផ្លូវ ខ្ជាក់សម្ភារៈភ្លេង និងមនុស្សក្រុមតន្ត្រី ចូលទៅក្នុងប្រឡាយ បណ្តាលឱ្យមនុស្សស្រីម្នាក់ស្លាប់ របួសធ្ងន់៣នាក់ និងស្រាលចំនួន៩នាក់ ។

បើតាមលោកវរៈសេនីយ៍ទោ សាំ ហេង អធិការនគរបាលស្រុកក្រូចឆ្មារ បានប្រាប់ភ្នាក់ងារ Fresh News ថា៖ កណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅចំណុចខាងលើ ហើយក្រុមតន្រ្តីនេះមានឈ្មោះថា អប្សរាតន្ត្រី ម្ចាស់ឈ្មោះ ផាន់ ភីរម្យ នៅភូមិអំបែងចេស ឃុំល្វេ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ខៀវ ទ្រុងពណ៌ស គ្មានស្លាកលេខ បានធ្វើដំណើរមកពីការនៅភូមិអំពិល ឃុំប៉ឹស២ ស្រុកក្រូចឆ្មារ ដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ក៏បានក្រឡាប់ធ្លាក់ប្រឡាយ បណ្តាលឲ្យ មនុស្សស្រី១នាក់ ឈ្មោះ រ៉ុន ស្រីឡា អាយុ២៩ឆ្នាំ រស់នៅ ភូមិបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នករាំអកកេះ និងមនុស្ស៣នាក់ទៀត រងរបួសធ្ងន់ ចំណែកឯ ៩នាក់ទៀត រងរបួសស្រាល។

លោកអធិការបានបញ្ជាក់ទៀតថា មូលហេតុដែលកើតឡើង សង្ស័យតៃកុងអត់ងងុយ បាត់ម្ចាស់ការបើករថយន្តធ្លាក់ប្រឡាយតែម្តងទៅ។ អ្នកបើកបរឈ្មោះ ធី អាយុ២៣ឆ្នាំ រស់នៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុក/ខេត្តត្បូងឃ្មុំ ក្រោយរថយន្តក្រឡាប់បានរត់គេចខ្លួនបាត់ ។

ចំពោះអ្នករងរបួសទាំងអស់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ចំណែកឯសាកសព ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕