(កណ្តាល)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ ជិត៣,០០០នាក់ នៅឃុំព្រែកដំបង ស្រុកមុខកំពូល តទៅអនាគត។
គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តនេះ ចំណាយអស់ថវិកា ៣.៥លានដុល្លារអាមេរិក រួមមាន៖ ការស្តារប្រឡាយមេ, ការជួសជុលទំនប់, ការស្តារអាងស្តុកទឹក, ការស្តារព្រែក និងការស្តាប្រឡាយ, ការសាងសង់សំណង់ស្ទាក់ទឹក និងទ្វារទឹក និង ការសាងសង់សំណង់ចែកចាយទឹក ព្រមទាំងការសាងសង់ផ្លូវ ដែលនឹងផ្តល់នូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ១,៩៦៩គ្រួសារ និងជួយបង្កើនផ្ទៃដីបង្កបង្កើនផលស្រែវស្សា និងស្រែប្រាំងប្រមាណ ៧៧៧ហិកតា ព្រមទាំងផ្ទៃដីដាំដំណាំរួមផ្សំផ្សេងទៀត។
លោក វង្សី វិស្សុត បានថ្លែងថា ប្រព័ន្ធធារាសាស្រ្តដែលត្រូវបានសម្ពោធ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់នៅថ្ងៃនេះ ក៏ដូចជាសមិទ្ធផលជាច្រើនផ្សេងទៀត ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងអគ្គិសនីជាដើម គឺវាបានកើតចេញពីការខិតខំប្រឹងប្រែងជាក់ស្តែងរបស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ពោលគឺធ្វើឱ្យអ្នកមានដែលចំណូលទាប ឬមានជីវភាពលំបាក ឱ្យក្លាយទៅជាអ្នកដែលមានជីវភាពធូរធា ហើយអ្នកដែលអ្នកមានជីវភាពធូរធាហើយ ឱ្យកាន់តែមានជីវភាពធូរធាឡើងថែមទៀត។
លោកបន្តថា រាល់សមិទ្ធផលតូចធំដែលត្រូវបានកសាង, ស្តារ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ រួមទាំងសកម្មភាពមនុស្សធម៌នានា ទាំងដោយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងទាំងដោយថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា គឺដើម្បីផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជន និងដើម្បីធ្វើការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើន ជឿនលឿន និងរុងរឿង ដូចប្រទេសគេដទៃ ពិសេសដើម្បីធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូបមានជីវភាពកាន់តែប្រសើរឡើង។
លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទូទៅ មកពីគ្រប់និន្នាការនយោបាយទាំងអស់ បាននិងកំពុងទទួលបាននូវផលប្រយោជន៍ពីការអភិវឌ្ឍ ក៏ដូចជា ពីសមិទ្ធផលទាំងខាងលើនេះ។
លោក វង្សី វិស្សុត បានបន្តលើកឡើងថា ការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនបរទេសកំពូលៗ និងវិនិយោគិនធំៗ លំដាប់ពិភពលោក នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលថ្មីៗនេះ គឺជាការសបញ្ជាក់ឱ្យឃើញពីភាពខ្លាំង នៃសេដ្ឋកិច្ចកម្ពុជា ដែលបានចាប់ផ្តើមនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ដូចនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវបន្តថែរក្សាភាពខ្លាំងនៃសេដ្ឋកិច្ចនេះ កុំឱ្យបាត់បង ដើម្បីធ្វើការបែកចែកផ្កែផ្កានៃកំណើនសេដ្ឋកិច្ចនេះ សម្រាប់លើកតម្កើងជីវភាពប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរឡើង។
លោកបានលើកឡើងថា ដោយសារតែខ្មែរយើងចេះតែឈ្លោះគ្នា និងហែកហួរគ្នា, មិនចេះយោគយល់គ្នា និងចេះតែលាបព័ណ៌គ្នានេះហើយ ទើបធ្វើឱ្យជាតិខ្មែរយើងបានធ្លាក់ខ្លួនដុនដាប់ ពីប្រទេសមហានគរ មកជាប្រទេសតូចតាច ស្ទើរតែបាត់ឈ្មោះពីផែនទី។ សន្តិភាព និងឯកភាពជាតិ ដែលសង្គមជាតិខ្មែរយើងបានបាត់បង់ ចាប់តាំងពីក្រោយសម័យអង្គររហូតមក ហើយដែលទើបតែសម្រេចបានដោយលំបាកលំបិន នៅក្នុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាសច្ចធម៌មួយនៃប្រវត្តិសាស្រ្ត ដែលគ្មាននរណាម្នាក់អាចកែក្រឡាស់បាន។
លោកបានបន្តថា ដូចនេះដល់ពេលហើយ ដែលប្រជាពលរដ្ឋខែ្មរយើងគ្រប់រូប ត្រូវតែចេះរួបរួមគ្នា ថែរក្សាសន្តិភាព ដើម្បីការអភិវឌ្ឍ, ការរីកចម្រើនរុងរឿង និងភាពសុខដុមរម្យនារបស់សង្គមជាតិខ្មែរយើង។ ប្រជាពលរដ្ឋទាំងអស់យកការពិចារណា ដោយផ្អែកលើផលប្រយោជន៍ជាក់ស្តែងជាធំ និងសូមកុំជឿការឃោសនាលាបពណ៌ ដែលនាំឱ្យជាតិយើងបែកបាក់ និងធ្លាក់ចុះដុនដាបដូចពីអតីកាល។
ជាមួយនឹងការចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋឃុំព្រែកដំបង ដែលទទួលបាននូវចំណងដៃថ្មីនៃការអភិវឌ្ឍ តាមរយៈការទទួលបាននូវប្រព័ន្ធធារាសាស្រ្តដ៏ខ្វាត់ខ្វែង លោករដ្ឋលេខាធិការបានស្នើសុំឱ្យអាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សានូវធនធានធម្មជាតិក្នុងមូលដ្ឋានឱ្យបានគង់វង្ស ដើម្បីជាផលប្រយោជន៍របស់សហគមន៍ និងរួមគ្នាលុបបំបាត់នូវសកម្មភាពអសកម្មផ្សេងៗនៅមូលដ្ឋាន ដូចជាការប្រើប្រាស់ និងជួញដូរគ្រឿងញឿន។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅទី០៤ ខែមិថុនា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា៕