(ភ្នំពេញ)៖ មន្រ្តីគយចល័ត បានថ្លែងប្រាប់សារព័ត៌មាន Fresh News រថយន្តទំនើបប្រើប្រាស់ស្លាកលេខក្លែងក្លាយមួយគ្រឿង របស់មន្រ្តីខែ្សអ្នកធំម្នាក់ ត្រូវបានកម្លាំងគយចល័ត ចាប់នៅក្បែរអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
រថយន្តអត់ពន្ធដែលចាប់បាននេះម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ២០១៥ ស្លាកលេខ៖ ភ្នំពេញ 2AE-0465 ពណ៌ស។ ការចុះចាប់នេះដឹកនាំដោយលោក ព្រាប ការ៉ាត់ ក្រោមការណែនាំពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋានស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស។
ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋានស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធពីសំណាក់កម្លាំងគយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ចដូចភ្លៀងរលឹម។
កម្លាំងគយចល័ត បានចុះប្រតិបត្តិ ចាប់ថយន្តស៊េរីទំនើបៗ ដែលអត់ពន្ធជាច្រើនគ្រឿងរួចមកហើយ កាលពីពេលកន្លងមក ហើយប្រត្តិបត្តិការនេះ ក៏ទទួលបានជោគជ័យជាបន្តបន្ទាប់ផងដែរ៕