(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួម ប្រជុំកំពូលតុមូលខ្សែក្រវាត់ និងផ្លូវសម្រាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅប៉េកាំង ប្រទេសចិន ជាថ្មីម្តងទៀត ក្នុងវគ្គទី២។ នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានឡើងថ្លែងសុន្ទរកថា គន្លឺះដែលជាចំណាប់អារម្មណ៍របស់កម្ពុជាលើ «សហថាមពលនៃគោលនយោបាយ ដើម្បីភាពជាដែគូរជិតស្និទ្ធ» ។
សម្តេចតេជោ បានបង្ហាញក្តីរីករាយ ដែលបានចូលរួមក្នុងវេទិកានេះ និងបានថ្លែងអំណរគុណចំពោះ លោក ប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រជាជនចិនទាំងមូល ដែលសម្រេចបានវឌ្ឍនភាពគួរកត់សម្គាល់ក្នុងការអនុវត្ត «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ» ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិធំៗ ជាពិសេស ដើម្បីកំណត់ទិស ដៅសម្រាប់អនុវត្តគំនិតផ្តួចផ្តើមនេះ ឲ្យទទួលបានជោគជ័យបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន មានជំនឿមុតមាំ ចំពោះអនាគតនៃគំនិតផ្ទួចផ្តើមនេះ ដែលមានការគិតគូរ ច្បាស់លាស់ អំពីយុទ្ធសាស្ត្រ និងយន្តការសហប្រតិបត្តិការ ការៀបចំផែនការ និងការផ្គត់ផ្គង់ហិរញ្ញប្បទានពិសេស តាមរយៈ ធនាគារអភិវឌ្ឍន៍ BRICS មូលនិធិផ្លូវសូត្រ និងធនាគារអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមយ៉ាង សកម្មក្នុងយន្តការសហប្រតិបត្តិ ការទាំងឡាយ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីវឌ្ឍនភាពនិងការរីកចម្រើន រួម នៃតំបន់ និង សកលលោក។
គួរបញ្ជាក់ថា កិច្ចប្រជុំ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» កំពុងសហប្របត្តិការរ វាងប្រទេសទាំងពីរ កំពុងត្រូវបាន ពង្រឹងថែមទៀតលើវិស័យសំខាន់ៗមួយចំនួន ជាប្រយោជន៍ ដល់ការ កែលម្អរ ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ រួមមានការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្មព្រមទាំងការលើកស្ទួយ ឧស្សាហកម្ម ទេសចរណ៍ ការវិនិយោគ និងកសិកម្ម៕