(ពោធិ៍សាត់)៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយស្ត្រីរូបនោះ យកកាំបិតទៅប្រហារជីវិតប្អូនប្រុសបង្កើត បណ្តាលឲ្យដាច់ខ្យល់ស្លាប់ ក្នុងថ្លុកឈាម ខណៈដែលប្អូនប្រុសផឹកស្រាស្រវឹង អុកឡុកគ្រួសារ រឿងកាប់មាន់ធ្វើម្ហូបក្លែម។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៧ និង៤៥នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចខាងក្រោយវត្តរលាប ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក យឹម សៀងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាត ផា ភេទប្រុស អាយុ២៤ឆាំ្ន (ប្អូនប្រុសជនសង្ស័យ) សញ្ជាតិខ្មែរ, រីឯជនសង្ស័យជាឃាតករ មានឈ្មោះ ផាត មួយ ភេទស្រី អាយុ២៩ឆ្នាំ (បងស្រីជនរងគ្រោះ) សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសង្កាត់ជាមួយគ្នា។
លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជាមួយមិត្តភក្តិ ផ្សែផ្សំនឹងបែកថ្នាំ (គ្រឿងញៀន)ផងនោះ ក៏ទាស់ពាក្យសម្តីជាមួយបងស្រី រឿងចាប់មាន់ធ្វើម្ហូបក្លែមមិនបាន ក៏តឹងសរសៃ.កដាក់គ្នា រហូតដល់ផ្ទុះហឹង្សា ប្រើប្រាស់កាំបិតកែច្នៃកាប់ ទៅលើជនរងគ្រោះ (ប្អូនប្រុស) ត្រូវ១០កន្លែង ដាច់ខ្យល់ស្លាប់យ៉ាងរន្ធត់។
បើតាមការបំភ្លឺរបស់ជនសង្ស័យជាឃាតករ បានឲ្យដឹងថា «រឿងនេះខ្ញុំទប់កំហឹងមិនបាន ដោយសារប្អូនប្រុសរបស់ខ្លួនជជែសពេក ហាមមិនស្តាប់ ព្រោះមាន់ដែលនៅសល់ក្នុងទ្រុងនោះ គឺទុកសម្រាប់លក់សងបំណុលគេ»។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យជាឃាតករ យកទៅអធិការនគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕