(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែង ពាន់រង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៧ (Cambodia ICT Awards 2017) គិតមកត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២១០៧នេះ មានអ្នកចុះឈ្មោះចូលរួមប្រកួតប្រជែង១២នាក់/សហគ្រាសហើយ ខណៈដែលការបរិច្ចេទឈប់ទទួលពាក្យប្រកួតប្រជែង ត្រូវបានពន្យារពេលដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ ពាន់រង្វាន់ Cambodia ICT Awards ឆ្នាំនេះអ្នកដែលទទួលបានជយលាភីលេខ១ ទទួលបានថវិកាចំនួន១ម៉ឺនដុល្លារ (ឆ្នាំមុន៥ពាន់ដុល្លារ) ជយលាភីលេខ២ ទទួលបាន៣ពាន់ដុល្លារ និងលេខ៣ ទទួលបានទឹកប្រាក់១ពាន់ដុល្លារ។
តំណាងអ្នករៀបចំកម្មវិធីប្រកួតបញ្ជាក់ថា កម្មវិធីការប្រកួតប្រជែងប្រចាំឆ្នាំនេះ ត្រូវបានធ្វើឡើងដើម្បីរកសមិទ្ធផល ICT ដ៏ល្អបំផុតដែលជា របស់សហក្រិននៅកម្ពុជា, សំដៅទៅកាន់ភាពជោគជ័យ នៃការបង្កើតថ្មី និងគំនិតច្នៃប្រឌិត ក៏ដូចជាផ្តល់ឱកាសអាជីវកម្ម និងប្រភពថវិកាសម្រាប់គម្រោងថ្មីៗផងដែរ។
លើសពីនេះកម្មវិធី ICT Awards ក៏នឹងជួយជំរុញឲ្យក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ឈានឡើងមួយកម្រិតទៀត តាមរយៈការចូលរួមប្រកួតប្រជែង លើផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។ កម្មវិធីនេះក៏ធ្វើឡើងស្របផែនការមេ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១២០ «លើកកម្ពស់នវានុវត្តន៍ក្នុងសហគ្រាស ITC នៅកម្ពុជា»។
ជាមួយគ្នានេះដែរ តំណាងអ្នករៀបចំការប្រកួត សូមអំពាវនាវ ចំពោះសហគ្រាស ឬអ្នកជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលគិតថាខ្លួនអាចចូលរួមប្រកួតប្រជែងបាន សូមឲ្យមកធ្វើការដាក់ពាក្យចូលរួមប្រកួតប្រជែង ឲ្យបានច្រើនកុះករ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យ ICT នៅកម្ពុជា។
សូមរំលឹកថា កម្មវិធីប្រកួតប្រជែង ICT Awards ២០១៧ បានបើក និងទទួលពាក្យ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។ សម្រាប់ការឈប់ទទួលពាក្យ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧, ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧, ការជ្រើសរើសវគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់រង្វាន់ នឹងធ្វើឡើងនៅកំឡុងខែកក្កដា ឆ្នាំ២០១៧។
ម្ចាស់ជយលាភីនៃការប្រកួតប្រជែង កម្មវិធី Cambodia ICT Awards នឹងត្រូវទៅចូលរួមប្រកួតប្រជែង ម្ចាស់ជយលាភី ICT Awards មកពីបណ្តាលប្រទេសក្នុងតំបន់អាស៊ាន ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ៕