(ព្រៃវែង)៖ នាយករដ្ឋមន្ដ្រីស្ដីទី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអូប្ញស្សី ប្រវែង៦១ម៉ែត្រ ទទឹង៩ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហមប្រវែង ៣,៥៥០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅភូមិកោងស្រែ ឃុំល្វេរ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ហើយស្ពាននេះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោកឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។
ដោយឡែកនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ សម្ដេចក្រឡាហោម អញ្ជើញពិធីសម្ពោធឆ្លងឧបដ្ឋានសាលា ស្រះទឹក សមិទ្ធិផលនានា ក្នុងវត្តរតន:សិលា ហៅវត្តក្របៅថ្មី និងបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ០១ខ្សែ ប្រភេទ DBST ប្រវែង ៧,៤៤០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅកក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
អ្វីដែលគួរឲ្យកត់សម្គល់ក្នុងកម្មវិធីទាំង២នេះ នាយករដ្ឋមន្ដ្រីស្ដីទី សម្ដេច ស ខេង បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះលោកឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ ដែលបានដឹកនាំកម្លាំងចុះស្ថាបនាផ្លូវជូនប្រជាពលរដ្ឋទាន់ពេលវេលា ដោយមិនគិតការនឿយហត់ឡើយ និងគោរពតាមការណែនាំ ក៏ដូចជាបទបញ្ជា របស់សម្តេច ដែលជាសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ដូចជាផ្លូវ ស្ពាន ប្រឡាយទឹក ស្រះទឹក។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ តែងតែចាត់តាំងកម្លាំងចុះអនុវត្តតាមបទបញ្ញា មិនដែលខនខានឡើយ នេះហើយជាទង្វើដែលជាតំរូវការ ចាំបាច់របស់រាជរដ្ឋាភិបាល។ តួយ៉ាងដូចជាស្ពាននេះក៏ដោយ លោក ឈន សារ៉ាណេ បានសន្យា នឹងស្ថាបនាជូនសម្តេចតេជោ ហើយសម្តេចតេជោ បានឲ្យលោកជាអ្នកកំណត់ទីតាំងសាងសង់ ជាក់ស្ដែងលោក បានដឹកនាំកម្លាំងស្ថាបនាស្ពាននេះរួច តាំងពីឆ្នាំ២០១៤មកម៉្លេះ៕