(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា គ្មាននរណាកសាងសមិទ្ធិផលជូនប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត មានជីវភាពមានបាន កូនចៅប្រជាពលរដ្ឋមានឱកាសរៀនសូត្រ មានឱកាសការងារធ្វើ ក្រៅពីរាជរដ្ឋាភិល ក្រៅពីក្រុមការងារគណបក្សប្រជាជនកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់នោះទេ។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើង ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាអារក្សត្នោត ស្ថិតនៅភូមិលវាល ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា «ប្រជាពលរដ្ឋជាម្ចាស់ប្រទេសនៅតែជឿទុកចិត្ត បោះឆ្នោតគាំទ្រសម្តេតេជោ ហ៊ុន សែន ដើម្បីដឹកនាំប្រទេសកសាងសមិទ្ធិផល និងបម្រើប្រជាពលរដ្ឋ សម្តេចនៅតែខិតខំធ្វើបន្តទៀតដើម្បីប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋ។ ជាក់ស្តែងថ្ងៃនេះ យើងបានកសាងសមិទ្ធិផលជាច្រើនបន្ថែមទៀត សម្រាប់កូនចៅប្រជាពលរដ្ឋនៅក្នុងស្រុកស្ទឹងត្រង់នេះ»។
បើតាមលោក ហ៊ុន ម៉ាណែត ប្រទេសកម្ពុជាមានសំណាងជាងប្រទេសជិតខាង កម្ពុជាមានសុខដុមរមនីយកម្ម មានការរួបរួមគ្នាកសាងសមិទ្ធិផល និងរស់នៅសុខសប្បាយ ខណៈពេលប្រទេសខ្លះ ជួបប្រទះនូវសង្គ្រាមសាសនា នេះគឺជាបង្កឱកាសគ្រប់បែបយ៉ាង ឲ្យប្រជារដ្ឋរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍។
លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានខិតខំធ្វើរាប់ឆ្នាំមកហើយ និងខិតខំធ្វើបន្តទៀត ឲ្យតែមានការគាំទ្រ និងជឿទុកចិត្តការដឹកនាំរបស់របស់សម្តេចតេជោ ហ៊ុន សែន ដែលនេះ គឺជាការផ្តល់យុត្តិធម៌ និងតម្លៃដល់អ្នកធ្វើពិតប្រាកដ ខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានជ្រើសរើស បន្តគាំទ្រ និងជឿទុកចិត្តការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបម្រើប្រជាពលរដ្ឋ ផ្តល់ឱកាសសុខសន្តិភាព ដល់ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត៕