(ភ្នំពេញ)៖ ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ មានរហ័សនាមថា «អធិរាជគុនខ្មែរស្រាបៀរ Special» នឹងត្រូវផ្សាយផ្ទាល់ ពីសង្វៀនឫស្សីកែវ លើទូរទស្សន៍ CNC រៀងរាល់រសៀលថ្ងៃអាទិត្យ ខណៈដែលនៅក្នុងសប្ដាហ៍នេះ អ្នកប្រដាល់ល្បីរបស់កម្ពុជា ត្រូវប៉ះជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ។
លោក ស៊ីថូ ណាថាន់ ប្រធានកីឡា CBS បានថ្លែងឲ្យដឹងថា CNC បង្កើតកម្មវិធីនេះត្រូវបានជំនួស កម្មវិធីរបស់ក្រុមស្រាសាច់ដុំ បន្ទាប់ពីបញ្ចប់កុងត្រាជាមួយទូរទស្សន៍ CNC។ ចំពោះអធិរាជគុនខ្មែរស្រាបៀរ Special គឺជាបន្ថែមនូវប្រដាល់ក្បាច់បុរាណខ្មែរ ដើម្បីចង់លើកកម្ពស់ការប្រកួត ឲ្យប្រសើរជាងមុន ដណ្តើមទីផ្សារ និងស្វែងរកការគាំទ្រ ពីមហាជន។
លោកបន្តថា «ការប្រកួតអធិរាជគុនខ្មែរស្រាបៀរ Special» ចម្រុះដោយកីឡាករកម្ពុជា និងកីឡាករថៃ រាល់រសៀលថ្ងៃអាទិត្យនេះ គឺមានគោលបំណងលើក ស្ទួយវិស័យកីឡានៅកម្ពុជា ។ ការប្រកួតក្បាច់គុណបុរាណខ្មែរ របស់យើងនិងអ្នកប្រដាល់ថៃ គឺកំពុងនាំមកនូវ ព្រឹត្តិការណ៍ប្រកួតដ៏ទាក់ទាញ និងមានការចូលរួមទស្សនា យ៉ាងច្រើនជាងលើកមុនៗ ហើយតម្លៃខ្លួនប្រកួតរបស់កីឡាករ និងប្រាក់រង្វាន់ត្រូវបានបង្កើន ឲ្យបានខ្ពស់ជាងលើកមុនដែរ។ នេះជាទស្សនវិស័យ នៃការស្វែងរកទីផ្សារ និងការដឹកនាំឲ្យទទួល បានជោគជ័យរបស់ CNC ដែលជាទូរទស្សន៍លំដាប់ឈានមុខ។
អ្នកគ្រប់គ្រងការប្រកួត ត្រូវបានរៀបចំលក្ខណៈមិត្តភាពអន្តរជាតិ ដែលមានរហ័សនាមថា «អធិរាជគុនខ្មែរស្រាបៀរ Special» ដោយមានអញ្ជើញចូលរួមពីលោកបណ្ឌិត ឆឹង យ៉ៅយ៉េន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ស៊ីថូ ណាថាន់ ប្រធានកីឡាCBS និងលោក សេង ភីរ៉ុង នាយកផ្នែកពាណិជ្ជកម្មស្រាបៀរ Special ។
លោក សេង ភីរ៉ុង នាយកផ្នែកពាណិជ្ជកម្មស្រាបៀរ Special បាននិយាយថា ព្រឹត្តិការណ៍នៃការ «អធិរាជគុនខ្មែរស្រាបៀរ Special» ត្រូវបានរៀបចំឡើង ដោយសហការជាមួយក្រុមហ៊ុនស្រាបៀរ Special និងស្ថានីយCNC រួមនឹងសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ដើម្បីលើកស្ទួយដល់វិស័យកីឡាប្រដាល់កម្ពុជា និងជីវភាពបងប្អូនកីឡាករឲ្យកាន់តែ មានភាពល្អប្រសើរឡើង។
លោកបន្តថា ស្រាបៀរ Special មានឆន្ទៈមោះមុត ក្នុងការឧបត្ថម្ភគាំទ្រវិស័យកីឡា ដែលមានអាយុកាលប្រវត្តិសាស្រ្ត ដ៏យូរលង់មកហើយនេះ ឲ្យបន្តស្ថិតស្ថេររីកចម្រើនយូរអង្វែង និងកាន់តែល្បីរន្ទឺសុះសាយ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ៕