(សៀមរាប)៖ លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បានថ្លែងថា បច្ចុប្បន្ននេះ ឪពុកម៉ែ បងប្អូន ទាំងអស់គ្នា បានដឹងហើយថា CPP រួមរស់ជាមួយគ្នា បើមានទុក្ខព្រួយ គឺមានវត្តមានគណបក្សប្រជាជនកម្ពុជា មិនដូចអ្នកថាអ្នកសន្យាខ្យល់។
ការលើកឡើងរបស់លោក ឃឹម ប៊ុនសុង បានធ្វើឡើង ខណៈលោក និងក្រុមការងារ បានអញ្ជើញចុះ ជួបសំណេះសំណាល ជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងបេក្ខជនក្រុមប្រឹក្សាឃុំ ៥០០នាក់ នៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ឃឹម ប៊ុនសុង ថ្លែងបន្តថា «បងប្អូនដឹងហើយថា ការដឹកនាំប្រទេសពេលនេះ មានការអភិវឌ្ឍន៍គ្រប់វិស័យ មានផ្លូវគ្រួស ផ្លូវបេតុង ផ្លូវកៅស៊ូ ផ្លូវអាកាស ស្ពាន សាលារៀន វត្តអារាម និងហេដ្ឋាន ចរនាសម្ព័ន្ធផ្សេងៗជាច្រើន វិស័យសុខាភិបាល វិស័យអប់រំ អ្វីដែលពិសេសនោះគឺសេដ្ឋកិច្ចកម្ពុជាមានកើនឡើង សុខសន្តិភាព ស្ថេរភាព ស្ងប់ស្ងាត់ ទាំងអស់នេះគឺមានការដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា» ដូច្នោះហើយបងប្អូន ទាំងអស់ត្រូវជឿលើគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នាប្រជាពលរដ្ឋ បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយទុក្ខលំបាករបស់បងប្អូន បានទាន់ពេលវេលា។ ហើយពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអោយឈ្នោះឆ្នោតបានដឹកនាំឃុំអំពិលផ្ទាល់ ជាពិសេសបានដឹកនាំប្រទេស ដើម្បីបន្តអភិវឌ្ឍជារៀងរហូត។
ក្នុងនោះដែល លោក ឃឹម ប៊ុនសុង បានផ្តល់ជូនសមាជិកទាំងអស់ ក្នុងម្នាក់ៗទទួលអង្ករ២៥គីឡូក្រាម មី១កេះ ផងដែរ៕