(កំពង់ស្ពឺ)៖ ដោយសារតែអស់ជំនឿលើមេដឹកនាំរបស់ខ្លួន សមាជិកគណបក្សសង្គ្រោះជាតិ ជាង២០០នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបន្តដើរចេញពីបក្ស ហើយសុំមកចូលរួមជីវភាពនយោបាយ ជាមួយបក្សកាន់អំណាចវិញ។
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានអញ្ជើញជួបសំណេះសំណាល ស្វាគមន៍ និងទទួលសកម្មជនទាំងនេះ នៅស្រុកសំរោងទង ដែលបានម្រេចចិត្តវិលមករួមរស់ រួមការងារនយោបាយជាមួយបក្សប្រជាជនវិញ។
លោក វ៉ី សំណាង បានលើកឡើងក្នុងឱកាសនោះថា ការវិលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តបានប្រសើរ ហើយក្នុងនាមជាថ្នាក់ដឹកនាំបក្សប្រជាជនក្នុងខេត្ត លោកសូមសម្តែងនៅការត្រេកអរចំពោះវត្តមានរបស់បងប្អូន
មិនតែប៉ុណ្ណោះ វត្តមានរបស់បងប្អូនបានធ្វើឲ្យពលរដ្ឋជាច្រើន បានយល់ច្បាស់ពីការដឹកនាំរបស់គណបក្សប្រជាជនថែមទៀត។
ជាមួយគ្នានេះក៏មានសមាជិកមកពីបក្សហ្វ៊ុនស៊ិនប៉ិច ក៏មកចូលរួមជាមួយ CPP ផងដែរ៕